កំពង់ស្ពឺ ៖ ក្រុមអ្នកញៀនលេងល្បែងសុីសង (អាប៉ោង) កំពុងផ្តុំគ្នាអ៊ុតចាក់ ភ្លេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសំរោងទងទៅដល់ចាប់ក្រសោបបាន៤នាក់ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងព្រៃខាងលិចភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ ។

ក្រុមអ្នកញៀនល្បែងឃាត់ខ្លួនបានទាំង៤នាក់ ៖ ទី១ ឈ្មោះ សៀង អៀ ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នកធ្វើមេបាញ់អាប៉ោង , ទី២ ឈ្មោះ យ៉ែម រី ភេទប្រុស អាយុ៦១ឆ្នាំ , ទី៣ ឈ្មោះ ផុន ខា ភេទប្រុស អាយុ៤៣ឆ្នាំ , ទី៤ ឈ្មោះ អែម ស ភេទស្រី អាយុ៥៩ឆ្នាំ ។ ក្រៅពីឃាត់ខ្លួនមនុស្សទាំង៤នាក់ សមត្ថកិច្ច ដកហូតបានមេអាប៉ោង១ កំរាល១ ចានគ្រប១ ម៉ូតូ ១គ្រឿង និងលុយរៀលមួយចំនួន ។

តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ជុំវិញសភាពការណ៍ក្នុងមូលដ្ឋាន មានអ្នកញៀនល្បែងសុីសង អាប៉ោង នាំគ្នាលេងក្នុងព្រៃ នៅចំណុចខាងលើ ទើបកម្លាំងសមត្ថកិច្ចស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ចុះទៅបង្ក្រាប ចាប់ឃាត់ខ្លួនបាន ។ ក្រោយចាប់ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងប្រុសស្រីទាំង៤នាក់ នាំទៅផ្នែកជំនាញអធិការដ្ឋានស្រុក ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.