នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និង​សម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការ​ស្រាវ​ជ្រាវ​បង្ក្រាប​បរស​ម្នាក់ លើករណីប្រើប្រាស់អត្តសញ្ញាណអ្នកដទៃទៅបង្កើតគណនីបណ្តាញសង្គម និង​ធ្វើ​សកម្ម​ភាព​ឆអ្នកដទៃ។

តាម​រយ:បទល្មើស​នេះ បុរសឈ្មោះ រ.ស.ហ ម្នាក់នោះបាន​បង្កើត​គណនី Facebook ( ឈ្មោះ Heng pichii , Chi Chii ) Instagram (ឈ្មោះ heng pichii7 ) TikTok (ឈ្មោះ HENG pichii ) និង គណនី Telegram មួយចំនួនទៀត ធ្វើសកម្មភាពឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ម៉ាស, ស្រា​បៀរ និងវិនិយោគរូបិយប័ណ្ណឌីជីថល (Cryptocurrency) ដោយ​មាន​ប្រជាពល​រដ្ឋ​ជា​ច្រើន​រង​គ្រោះ​ពីអំពើនេះ។

ការបង្ក្រាបនេះ បានចាប់ខ្លួនបានជនសង្ស័យឈ្មោះ រ.ស.ហ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ភូមិ​ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កាល​ពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ជា​ជន​សកម្ម​ក្នុង​ការ​ប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះ ជាច្រើននាក់។ បច្ចុប្បន្នជនសង្ស័យ​ខាង​លើត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញ​ទំនាក់​ទំនង​សង្គម និង ការវេរថវិកា ទៅគណនីអនាមិក ជៀសវាងការចាញ់បោកជនល្មើស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​មកលើខ្លួន។ បន្ថែមពីនោះ សូមជៀសវាងការជួញដូររូបិយប័ណ្ណឌីជីថល (Cryptocurrency) ដែលមិនមានការទទួលស្គាល់ពីសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលនោះទេ៕

Share.