តាកែវ ៖ បុរសម្នាក់រងនូវគ្រាប់កាំភ្លើងចំនួន៣គ្រាប់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីកើតមានជម្លោះ រឿងបើ្រថយន្តប្រដេញប្រជែងគ្នា ជនរងគ្រោះប្រដាប់ដោយដែកទីប ចុះគម្រាមរកវាយលើគូទំនាស់ តែម្ខាងទៀតប្រដាប់ដោយកាំភ្លើងលេងមែនទែន បាញ់៣គ្រាប់ ត្រូវចំទ្រូងហើយបើករថយន្តគេចខ្លួនបាត់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតនៅក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

ជនរងគ្រោះមានឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិចំការឳឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើករថយន្ត រួមដំណើរជាលក្ខណៈគ្រួសារ ទើបវិលត្រឡប់មកពីដើរលេងឯខេត្តកំពត ដើយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ភូមិសាស្ត្រក្នុងស្រុកសំរោង ខេត្តតាកែវ រថយន្តបានបើកប្រជែងគ្នាជាមួយ រថយន្តរបស់ជនដៃដល់ វ៉ាជែងវិញទៅមក លុះជនរងគ្រោះផ្ទះកំហឹង ដល់ចំណុចកើតហេតុ ជនរងគ្រោះព្យាយាមបើកជែង កាក់ពីមុខរថយន្តកូរ៉េ ពណ៌ស របស់ជនសង្ស័យ ចុះទៅ ដោយមានកាន់ដែកទីបនៅដៃផង បំណងគម្រាមវាយ តែជនសង្ស័យមានកាំភ្លើង ដកចេញមកបាញ់ចំនួន៣គ្រាប់ ត្រូវចំទ្រូង ពោះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ដេកដួលលើផ្លូវ ហើយជនដៃដល់បើករថយន្តគេចទៅបាត់ស្រមោល ។

ក្រោយពីកើតជម្លោះ ដោយសារបើកបររថយន្តប្រដេញកៀរគ្នា ឈានដល់ផ្ទុះអាវុធ ជនរងគ្រោះក្នុងស្ថានភាពរបួសធ្ងន់ បង្កឱ្យភ្ញាក់ផ្អើល ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ។

ករណីប៉ុនប៉ងមនុស្សឃាតខាងលើ ក្រោយកើតហេតុភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ច មូលដ្ឋាន កម្លាំងស្នងការខេត្ត ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រកជនដៃដល់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.