សិង្ហបុរី៖ គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ មនុស្សចំនួន ៧នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងស្រុក ក្នុងចំណោមនោះ អ្នកស្លាប់ចំនួន៦នាក់ ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារគេហទំព័រ Yahoo news នាថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។

ករណីនេះកើតឡើងចំពេលមានការកើនឡើងនៃការឆ្លងមេរោគគ្រុនឈាមនៅក្នុងប្រទេសសិង្ហបុរី ជាមួយនឹងករណីនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ បន្ថែមទៀត។ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា ទីភ្នាក់ងារបរិស្ថានជាតិ (NEA) បាននិយាយថា ករណីជំងឺគ្រុនឈាមជាង ៥,០០០ករណី ត្រូវបានរាយការណ៍មកទល់ពេលនេះក្នុងឆ្នាំ ២០២៤ ដែលជាការកើនឡើងពីចំនួន ២,៣៦០ករណី ដែលបានរាយការណ៍នៅក្នុងត្រីមាសទីមួយកាលពីឆ្នាំមុន។

តួលេខទាំងនេះត្រូវបានបង្ហាញអំឡុងពេលនៃការចាប់ផ្តើមយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាមថ្នាក់ជាតិកាលពីថ្ងៃអាទិត្យ ដែលបានមកមុនរដូវកាលជំងឺគ្រុនឈាមជាទម្លាប់ដែលចាប់ពីខែឧសភា ដល់ខែតុលា។យុទ្ធនាការឆ្នាំនេះសង្កត់ធ្ងន់ថា ការទប់ស្កាត់ជំងឺគ្រុនឈាម គឺជាទំនួលខុសត្រូវសង្គម និងមានគោលបំណងប្រមូលផ្តុំសហគមន៍ឱ្យមានការប្រុងប្រយ័ត្ន និងកាត់បន្ថយហានិភ័យនៃការឆ្លង។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅលើគេហទំព័ររបស់ទីភ្នាក់ងារបរិស្ថានជាតិ (NEA) មានចង្កោមគ្រុនឈាមចំនួន ២៧ករណីស្ថិតនៅក្រោមក​ម្រិតប្រកាសអាសន្ន «ក្រហម» គិតត្រឹមថ្ងៃទី២៨ ខែមីនា នេះ ដោយសំដៅលើតំបន់ដែលមានហានិភ័យខ្ពស់ដែលមាន ១០ករណី ឬច្រើនជាងនេះ។

ទីភ្នាក់ងារ NEA បានធ្វើការត្រួតពិនិត្យជាង ៨១៣,០០០ប្រតិបត្តិការក្នុងឆ្នាំ ២០២៣ ដោយបានរកឃើញកន្លែងបង្កកំណើតមូសជាង ១៩,៦០០ទីតាំង។ ជាងពាក់កណ្តាលត្រូវបានគេរកឃើញនៅតាមលំនៅឋាន ហើយចំនួន ៣៨ភាគរយនៅតំបន់សាធារណៈ និង ៥ភាគរយនៅកន្លែងការដ្ឋាន៕

ប្រភព៖ Yahoo news

Share.