ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំបញ្ឈប់សកម្មភាពរបស់ក្រុមសិស្សសាលាលេងប៉ាតម្សៅ បាញ់ទឹក គប់ទឹក បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ។

ស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ថា សូមប្រកាសណែនាំឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក របស់ក្មេងសិស្សសាលាបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋនិងសេចក្ដីថ្លៃថ្នូរ។

ដោយថ្មីនេះៗ សង្កេតឃើញថានៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នា២០២៤ បានរៀបចំសង្រ្កានឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជាស៊ីមសាមគ្គឺ និងសិស្សតាមបណ្តាសាលាមួយចំនួនទៀតបានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យបង្កការរំខាននិងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ។

ក្រោយឃើញសកម្មភាពទាំងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅតាមផ្លូវសាធារណៈ ទប់ស្កាត់និងនាំយកមកអប់រំ រាល់សកម្មភាពក្មេងសិស្សសាលាដែលជិះម៉ូតូឈូឈរជាក្រុមៗបង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ បើសិនជាធ្វើសកម្មភាពដែលប្រព្រឹត្តបទល្មើសខុសច្បាប់ និងរឹងទទឹងមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ត្រូវមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែង។

គួរំលឹកដែរថា កាលពីវេលាម៉ោងប្រហែល១៤និង១០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក៏បានចុះប្រមូលក្រុមក្មេងសិស្សសាលាប្រុសស្រីប្រមាណជាង១០០នាក់ មកពី១៦វិទ្យាល័យ ក្នុងរាជធានីភ្នំពេញមកធ្វើការអប់រំណែនាំដូចគ្នា បន្ទាប់ពីពួកគេប្រមូលផ្ដុំគ្នា ជិះម៉ូតូប្រដេញគ្នា គប់ទឹក បាញ់ទឹក និង ស្រែកហូកញ្ច្រៀវ ដេញបាតម្សៅ ជិះម៉ូតូគ្មានពាក់មួកសុវត្ថិភាព ដែលបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក៏បានណែនាំអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការជាមួយលោកនាយកសាលា និងគ្រូតាមបណ្តាសាលារៀនចុះអប់រំឱ្យសិស្សានុសិស្សទាំងអស់ត្រូវ ចូលរួមគោរពច្បាប់ គោរពសេចក្តីណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងចូលរួមលើកកម្ពស់ថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនិងស្នើសុំឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ដូច្នេះ សូមលោកនាយកសាលា គ្រឹះស្ថានសិក្សា និង អាណាព្យាបាល ចូលរួមជួយ អប់រំទប់ស្កាត់ ជាមួយយើងខ្ញុំ៕

អត្ថបទ៖ សេង សាវី

Share.