ទីក្រុងម៉ានីល៖ អង្គភាពរដ្ឋាភិបាលក្នុងតំបន់ជាច្រើនបានផ្អាកការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់នៅថ្ងៃអង្គារទី២ ខែមេសា នេះ ដោយសារអាកាសធាតុក្តៅខ្លាំង និងឈានដល់កម្រិតគ្រោះថ្នាក់មួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Inquirer.Net នាថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤។

តំបន់ Quezon នៃរដ្ឋធានីម៉ានីល បានឱ្យដឹងថា មជ្ឈមណ្ឌលថែទាំ ឬ សាលារៀនគ្រប់កម្រិតទាំងអស់ នឹងត្រូវបានអាជ្ញាធរប្រាប់ឱ្យបិទទ្វារតែម្ដង ខណៈសាលានៅតំបន់ដទៃទៀតត្រូវបានផ្ដល់ជម្រើសឱ្យសិស្សានុសិស្សអាចរៀនពីចម្ងាយបាន ឬមានការកែប្រែពេលវេលា និងកាត់បន្ថយម៉ោងសិក្សាផងដែរ។

បើតាមភ្នាក់ងារឧតុនិយមហ្វីលីពីនបានឱ្យដឹងថា សន្ទស្សន៍កំដៅនឹងឡើងដល់កម្រិតចាត់ទុកថាគ្រោះថ្នាក់ គឺ ៤២អង្សាសេ ក្នុងទីក្រុងម៉ានីល នាថ្ងៃអង្គារ នេះ ហើយដល់ ៤៣អង្សាសេ នៅថ្ងៃពុធ សប្ដាហ៍នេះ។ សន្ទស្សន៍កំដៅនេះ ត្រូវបានគណនាដោយរាប់បញ្ជូលទាំងសីតុណ្ហភាព និងសំណើមក្នុងខ្យល់អាកាស ខណៈការព្យាករណ៍សីតុណ្ហភាពខ្ពស់បំផុតជាក់ស្ដែងសម្រាប់ទីក្រុងម៉ានីល នាថ្ងៃអង្គារនេះ គឺត្រឹម ៣៥អង្សាសេ។

សូមជម្រាបថា សន្ទស្សន៍កំដៅចន្លះពី ៤២អង្សាសេ ដល់ ៥១អង្សាសេ អាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយបើស្ថិតនៅក្រោមកំដៅដ៏ខ្លាំងយូរពេក អាចនាំឱ្យមនុស្សសន្លប់បាត់ស្មារតីតែម្ដង៕

ប្រភព៖ Inquirer.Net

Share.