ព្រះសីហនុ៖ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩កន្លះព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ នៅម្តុំក្រោយសាលាឡាយហ្វ ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង និង បានអន្តរាគមន៍ប្រើរប្រាស់ទឹកអស់ចំនួន៣គ្រឿង ពន្លត់អគ្គីភ័យខាងលើឲ្យរលត់ទៅវិញទាន់ពេលវេលា និង ពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះពលរដ្ឋជិតខាងនោះទេ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើគឺមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កជាអគ្គីភ័យឆាប់ឆេះផ្ទះពលរដ្ឋខាងលើអស់ចំនួនមួយខ្នងផ្ទះទាំងស្រុង និង ឆេះខូចខាតទ្រព្យសម្បត្តិមួយចំនួន ដូចជាទូរស័ព្ទដៃចំនួន៣គ្រឿង ថវិការជិត១ពាន់ដុល្លារ ។ ក្រៅពីនោះ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ហើយផ្ទះខាងលើសង់ពីថ្មខាងក្រោម ឈឺលើ និង មានទំហំទទឹង៦ម៉ែត្រ បណ្តោយ១២ម៉ែត្ររងការខូចខាតឆេះអស់ទាំងស្រុង ។ 

ស្ត្រីជាម្ចាស់ផ្ទះមានឈ្មោះ យ៉េន សុខុម អាយុ៣៧ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុខ្លួនបានទៅផ្សារពាណិជ្ជកម្មដើម្បីទិញឥវ៉ាន់ លុះមួយសន្ទុះក្រោយមកស្រាប់តែទទួលបានដំណឹងបែបនេះ ដោយអំណាចអគ្គីភ័យលេបត្របាក់ផ្ទះអស់ត្រឹមមួយប្រប្រិចភ្នែក ៕

អត្ថបទ៖ ព្រះសីហនុ

Share.