បន្ទាប់​ពី​ដំណើរការប្រកួតដ៏ស្វិតស្វាញអស់​រយ:ពេល​ជាង ២ខែមក ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​មិត្ត​ភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ បានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រហើយ ក្នុង​នោះ​រួមមាន​ក្រុមក្រសួងអប់រំ យុវជន និងកីឡា និងក្រុមក្រសួងសុខាភិបាល ក្រោយ​យក​ឈ្នះ​គូ​ប្រកួត ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីដូចគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាល​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤កនុ្លងទៅ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ក្នុង​ជំនួប​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយ​មាន​ការ​ប្រកួត​យ៉ាងស្វិតស្វាញ​ ក្រុមក្រសួងអប់រំ យុវជន និងកីឡា បាន​ត្រឹម​ស្មគ្នា ០-០ ជាមួយក្រុមសួងការពារជាតិ ប៉ន្តែ​ឈ្នះ​ដោយ​ការ​ទាត់​បាល់​ប៉េណាត់កាត់សេចក្ដី ៤-១ ខណៈប្រកួតបន្ទាប់ ក្រុមក្រុមក្រសួងសុខាភិបាល បាន​ត្រឹម​ស្មគ្នា ០-០ ជាមួយ ​ក្រុមក្រសួងមុខងារសាធារណៈ ប៉ុន្តែ​បាន​យក​ឈ្នះ ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទីកាត់​សេច​ក្ដី ៤-១ ដូច​គ្នា។

ដូច​នេះ​សម្រាប់​ជ័យជម្នះនេះ ធ្វើឲ្យក្រុមក្រសួងអប់រំ យុវជន និងកីឡា និងក្រុមក្រសួងសុខាភិបាល ដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ ជួប​គ្នាដើម្បីរកក្រុមជើងឯកពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ នៅ​ល្ងាចថ្ងៃទី០៦ ខែមេសាខាងមុខ នៅកីឡដ្ឋានស្ដាតចាស់។ ខណ:​ក្រុម ក្រសួងការពារជាតិ ត្រូប​ជួប​ក្រុមក្រសួងមុខងារសាធារណៈ ដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅ​ម៉ោង ៣:០០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ មានក្រុមចូលរួមរហូតដល់ ៣៤ក្រុម ស្មើនឹង ៧២ប្រកួត។ ក្រុមទាំង ៣៤ក្រសួង-ស្ថាប័ន បែងចែកជា ៨ពូល ដើម្បីធ្វើការប្រកួតជម្រុះ ក្នុងនោះពូលA ដល់ពូលF គឺមាន ៤ក្រុមក្នុងមួយពូល ខណៈពូល G និងពូល H មាន ៥ក្រុម។ បន្ទាប់មកក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ។ សម្រាប់​ពីធី​បើកធ្វើ​ឡើង​កាល​ពី​​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នឹង​ក្រោង​បិទបញ្ចប់នៅ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៤​។

ខាងក្រោម​នេះ​ជា​ប្រវត្តិក្រុម​ចូល​រួម​ប្រកួត​កន្លង​មក៖

លើកទី១៖ ២០១៣ ក្រុមចូលរួមមានចំនួន ៩
លើកទី២៖ ២០១៤ ក្រុមចូលរួមមានចំនួន ២២
លើកទី៣៖ ២០១៥ ក្រុមចូលរួមមានចំនួន ២៥
លើកទី៤៖ ២០១៦ ក្រុមចូលរួមមានចំនួន ២៩
លើកទី៥៖ ២០១៧ ក្រុមចូលរួមមានចំនួន ៣០
លើកទី៦៖ ២០១៨ ក្រុមចូលរួមមានចំនួន ៣១
លើកទី៧៖ ២០១៩ ក្រុមចូលរួមមានចំនួន ៣១
លើកទី៨៖ ២០២២ ក្រុមចូលរួមមានចំនួន ៣១
លើកទី៩៖ ២០២៤ ក្រុមចូលរួមមានចំនួន ៣៤

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើក ទី៨ ឆ្នាំ​២០២២ ក្រុមក្រសួងសាធារណៈការ និង​ដឹក​ជញ្ជូន បាន​ក្លាយជាម្ចាស់ជើងឯក បន្ទាប់​ពី​យក​ឈ្នះ​ក្រុមក្រសួងសុខាភិបាល ៤-៣ នៅវគ្គផ្តាច់ព្រ័ត្រ និងគ្រាដែល​ក្រសួង​សង្គម​កិច្ច អតីត យុទ្ធ ជន និង​យុវនិតិ​សម្បទា ទទួលបានចំណាត់ថ្នាក់លេខ៣ ខណ:ក្រុម Fair Play គឺយុវជនក្រសួងបរិស្ថាន៕

Share.