កំពង់ចាម ៖ បងប្អូនប្រជាពលរដ្ឋ អាជីវករ រាប់រយនាក់ នៅផ្សារស្ពឺ ក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម អះអាងថាពួកគាត់បានចាញ់បោក មេតុងទីនហៃសូ ២នាក់ប្តីប្រពន្ធ សរុបជាង៥០លានដុល្លារ ហើយដឹកដៃគ្នារត់គេចខ្លូនបាត់ ផ្អើលទាំងព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះ។

តាមការលើកឡើងពីកូនតុងទីន តាមរយៈបណ្តាញសង្គម បានលើកឡើងដូចៗគ្នា បងប្អូនប្រជាពលរដ្ឋ អាជីវករ លក់ដូរក្នុងផ្សារស្ពៗ រាប់រយនាក់ ដោយសារអាងតែស្ត្រីជាមេតុងទីនម្នាក់ ឈ្មោះ សាន សុវណ្ណាលីស និងប្តីឈ្មោះ ណេង ស៊ុនហេង លក់ដូរ ផ្ទះសម្បែង នៅក្នុងឃុំស្រុកខាងលើជាមួយគ្នា ទើបហ៊ានលេងតុងទីនជាមួយ ហើយការលេងទៀតសោត តាមក្រុមផ្សេងៗគ្នា មានបង់ប្រចាំថ្ងៃ បង់ប្រចាំខែ ម្នាក់ៗអស់រាប់រយ ពាន់ដុល្លារ ចុងក្រោយត្រូវបានមេតុងតុងទីនប្តីប្រពន្ធខាងលើ វេចលុយរត់គេចបាត់ស្រមោល ក្នុងរង្វង់ទឹកប្រាក់ជាង៥០លានដុល្លារ។

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បងប្អូនប្រជាពលរដ្ឋ អាជីវកររងគ្រោះ ប្រមូលផ្តុំគ្នា នៅមុខតូប ឪពុកម្តាយ របស់មេតុងទីន ដើម្បីសាកសួរ រកដំណោះស្រាយ តែត្រូវបាន ឪពុកម្តាយ បងប្អូន របស់មេតុងទីនខាងលើ ឆ្លើយបដិសេធច្រានចោលទាំងអស់ ក្នុងហេតុផល លោកមិនបានដឹងទេ គ្មានពាក់ព័ន្ធនឹងរឿងលុយ លេងតុងទីននឹងផង ។

ជនរងគ្រោះ បានត្រឹមប្រមូលផ្តុំគ្នា ទាំងក្តីឈឺចាប់ ខណៈដែលមេតុងទីនហៃសូ២នាក់ ប្តីប្រពន្ធបានវេចលុយរត់គេចខ្លួនចោលស្រុក បាត់ស្រមោល៕

អត្ថបទ៖ តាតុងសែនជ័យ

Share.