ក្រុម​កីឡាករ​បាល់ទះ​អាយុ​ក្រោម ២០ឆ្នាំ​ (U-20) ជា​ច្រើន​នាក់​កំពុង​ចូល​រួម​ធ្វើ​តេស្ត​សមត្ថភាព​​ជ្រើស​រើស ដើម្បីចូល​រួម​ក្នុង​ក្រុមជម្រើសជាតិ​បាល់ទះ​កម្ពុជា អាយុ​ក្រោម ២០​ឆ្នាំ ត្រៀម​ប្រមូល​ផ្ដុំហ្វឹកហាត់ ចូលរួមប្រកួតពានរង្វាន់នានា នៅពេលខាងមុខ។​

ក្រោម​ការ​ដឹង​នាំត្រួត​ពិន្យ​របស់​លោក Li Jun គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទះកម្ពុជា កំពុងធ្វើ តេស្ត ជ្រើស​រើស កីឡាករអាយុក្រោម ២០ឆ្នាំនេះ ដោយ​មាន​ការ​ចូល​រួម​មក​ពី​បណ្ដាល​ក្លិប​ធំៗ​ចំនួន ៣គឺ យុវជន​ក្លិប​បាល់ទះវិសាខា យុវជនសមាគម​បាល់ទះក្រសួងមហាផ្ទៃ និងយុវជន របស់​ក្រុម​បាល់​ទះស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ។

ការធ្វើ​តេស្ត​ជម្រើសរើសនេះ គឺ​សម្រាប់​យុវជន​ដែល​មាន​អាយុ​ក្រោម ២០​ឆ្នាំ ដែល​មាន​ថ្ងៃកំណើត​កើត​ចាប់ពី​ឆ្នាំ២០០៥ ឡើង​ទៅ។ ចំពោះ​ពេលវេលានៃការជ្រើសរើស ​​មិនទាន់​មាន​ការ​កំណត់​ពេល​វេលា ខណ:ការជ្រើស រើស​យក​ត្រឹម ១៤រូបប៉ុណ្ណោះ។

​លោក Li Jun គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទះកម្ពុជា

គួរបញ្ជាក់ថា ការប្រមូលផ្ដុំហ្វឹកហាត់​របស់​ក្រុម U-20 កម្ពុជា នេះ​ដែរ គឺ​ដើម្បី​ត្រៀមប្រកួតក្នុង​វគ្គ​ជម្រុះ ក្នុង​ព្រឹត្តិការណ៍ Asian Men’s U20 Championship លើកទី 22 នៅទីក្រុង Surabaya ប្រទេស​ឥណ្ឌូ​នេស៊ី។ ខណ:ការ​ប្រកួត​គ្រោង​ចាប់​ផ្ដើម​ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕

Share.