បន្ទាយមានជ័យ៖ កម្លាំងនគរបាលចុះបង្ក្រាបទីតាំង B9 KTV និងក្លឹបកំសាន្ត ឡាំបូគីនី ពីរកន្លែងឃាត់មនុស្សប្រុសស្រីបានរាប់រយនាក់ នៅអំឡុងម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


ប្រតិបត្តិការចុះបង្ក្រាប ខារ៉ាអូខេ យីហោ B9 និងក្លឹបកំសាន្ត ឡាំបូគីនី (LAMBORGHINI) ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀន កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍ រួមទាំងកម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១។

សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងយីហោ B9 KTV នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រុសស្រីបានជាង៥០នាក់។ ចំណែក ទីតាំងទី២ យីហោ ឡាំបូគីនី ក្លឹប (LAMBORGHINI CLUB) ឃាត់ខ្លួនបានមនុស្សប្រុសស្រី ជាង១២០នាក់ គ្រឿង ញៀនមួយចំនួន និងម៉ូតូ រថយន្តរាប់រយគ្រឿងផងដែរ។

ជុំវិញការឃាត់ខ្លួនភ្ញៀវ និងបុគ្គលិកក្នុងក្លឹប និងខេធីវីខាងលើនេះ ដើម្បីយកធ្វើតេស្ត រកសារធាតុញៀន បើមានជាប់ពាក់ព័ន្ធ ត្រូវអនុវត្តតាមនីតិវិធី។ ចំណែកអ្នកដែលមិនពាក់ព័ន្ធ ត្រូវឲ្យត្រឡប់មកផ្ទះវិញ៕

អត្ថបទ៖ប៉ោយប៉ែត

Share.