ភ្នំពេញ÷ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុក ក្រោយជនសង្ស័យពីរនាក់ជិះធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច តែដួលហើយភ័យពេករត់ចោលម៉ូតូ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពីនារីរងគ្រោះបានឱ្យដឹងថា នៅមុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ មួយគ្រឿងពណ៍ទឹកសមុទ្រពាក់ស្លាកលេខតាកែវ 1AD-3057 ចេញពីធ្វើការដោយជិះតាមបណ្ដោយផ្លូវលេខ៥៩២ ក្នុងទិសដៅពីជើងមកត្បូង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1HZ-0130 ធ្វើដំណើរពីក្រោយមកធ្វើសកម្មភាពឆក់កាបូបពីខ្លួន បានសម្រេច តែអកុសលដួលទាំងអស់គ្នា ខ្លួនត្រូវរបួសត្រង់ជើង ឯជនសង្ស័យទាំងពីរនាក់ភ័យពេក ក៏រត់ចោលម៉ូតូឡើងជិះម៉ូតូបក្សពួករត់បាត់ស្រមោល។

ក្រោយពីកើតហេតុក៏ សមត្ថកិច្ចប៉ុស្ដបឹងកក់២ បានចុះទៅដល់កន្លែងកើតហេតុ នាំយកម៉ូតូជនសង្ស័យយកមករក្សាទុក នឹងនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងដើម្បីតាមស្វែងរកជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖តាតុងសែនជ័យ

Share.