ភ្នំពេញ ៖ បុរសម្នាក់រងរបួសបាក់ជើងស្តាំខ្ទេច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំយ៉ុងដឹកម្សៅមី បើកបុកពីក្រោយម៉ូតូស្មាស់ កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ ចំណុចភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ហើយជនរងគ្រោះគិតមកដល់រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ រយៈពេល១១ថ្ងៃហើយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។

ក្រោយកើតហេតុអស់រយៈពេល១១ថ្ងៃមកនេះ ក្រុមគ្រួសារជនរងគ្រោះ បានទទូចស្នើសុំឱ្យសមត្ថកិច្ច ជំនាញអធិការដ្ឋានស្រុក ជួយពន្លឿនក្នុងការដោះស្រាយ ។

គួរំលឹកដែរថា រឿងហេតុខាងលើកើតឡើងកាលពីព្រឹកថ្ងៃទៅ២៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ បង្កឡើងដោយរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-4744 បើកបុកពីក្រោយម៉ូតូស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1R-6125 ជិះដោយជនរងគ្រោះ ឈ្មោះ ងួន មឿន ភេទប្រុស រស់នៅស្រុកគិរីវង់ ខេត្តតាកែវ ជាប់អូសជាច្រើនម៉ែត្រ រហូតដល់ផ្លូវលំខ្នងប្រឡាយ ទើបរថយន្តឈប់ អ្នកបើកបររត់គេចខ្លួនបាត់ របួសធ្ងន់បុរសម្នាក់បាក់ជើងស្តាំ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុក ដឹកបញ្ជូនជូនបន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ គិតមកដល់រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ រយៈពេល១១ថ្ងៃហើយ សុំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើមិនទាន់ដោះស្រាយចេញនៅឡើយទេ ក្រុមគ្រួសារជនរងគ្រោះទទូចស្នើសុំទៅស្ថាប័នសមត្ថកិច្ច មេត្តាជួយពន្លឿនក្នុងការដោះស្រាយ រវាងភាគីខាងរថយន្តបង្ក ជាមួយភាគីខាងជនរងគ្រោះ ។

បើតាមលោកវរសេនីយ៍ឯក ជា សុផល អធិការស្រុកគិរីវង់ បានប្រាប់អ្នកយកព័ត៌មានត្រយង តាមទូរស័ព្ទ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ អ្នកបើកបររត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត ហើយត្រូវបានសមត្ថកិច្ចជំនាញរបស់អធិការដ្ឋាន យកទៅរក្សាទុកជាបណ្តោះអាសន្ន ។

លោកបន្តទៀតថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ កន្លងមក ផ្នែកជំនាញ បានហៅតំណាងភាគីខាងរថយន្ត ធ្វើការដោះស្រាយ សម្របសម្រួល ជាមួយភាគីរងគ្រោះ ម្តងហើយតែមិនត្រូវគ្នា ដោយខាងតំណាងរថយន្តចេញថ្លៃព្យាបាលរបួសចំនួន៥លានរៀល ភាគីខាងជនរងគ្រោះមិនយល់ព្រម ។

លោកបានបញ្ជាក់ផងដែរថា នៅពេលឆាប់ៗខាងមុខនេះ ផ្នែកជំនាញនឹងហៅភាគីទាំង២ ធ្វើការសម្របសម្រួលជាលើកទី២ ក្នុងករណីនៅតែដោះស្រាយគ្នាមិនត្រូវគ្នាទៀត សុំរឿងបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលខេត្តបន្តទៀត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទ៖តាតុងសែនជ័យ

Share.