បន្ទាប់​ពី​ដំណើរការប្រកួតអស់​រយ:ពេល​ជាង ២ខែមក ក្រុមក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជាម្ចាស់ជើង​ឯក នៃពានរង្វាន់​មិត្ត​ភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ ​បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញអស់​រយ:ពេល​ ៧០នាទី យកឈ្នះក្រុមក្រសួងសុខាភិបាល នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។

សម្រាប់​ជ័យជម្នះនេះ ក្រុមក្រសួងអប់រំ យុវជន យកឈ្នះកីឡា ក្រុមក្រសួងសុខាភិបាល ក្នុងលទ្ធផល ២-១ វគ្គផ្ដាច់ព្រ័ត្រ។ ខណ:​ក្រុមក្រសួងការពារជាតិ យក​ឈ្នះក្រុមក្រសួងមុខងារសាធារណៈ ក្នុងលទ្ធផល ២-០ ដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​មិត្ត​ភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩។

មុនឡើង​មក​កាន់​វគ្គផ្ដាច់​ព្រ័ត្រ នៅក្នុង​ជំនួប​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាល​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ដោយ​មាន​ការ​ប្រកួត​យ៉ាងស្វិតស្វាញ​ ក្រុមក្រសួងអប់រំ យុវជន និងកីឡា បាន​ត្រឹម​ស្មគ្នា ០-០ ជាមួយក្រុមសួងការពារជាតិ ប៉ន្តែ​ឈ្នះ​ដោយ​ការ​ទាត់​បាល់​ប៉េណាត់កាត់សេចក្ដី ៤-១ ខណៈប្រកួតបន្ទាប់ ក្រុមក្រុមក្រសួងសុខាភិបាល បាន​ត្រឹម​ស្មគ្នា ០-០ ជាមួយ ​ក្រុមក្រសួងមុខងារសាធារណៈ ប៉ុន្តែ​បាន​យក​ឈ្នះ ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទីកាត់​សេច​ក្ដី ៤-១ ដូច​គ្នា។

ខាងក្រោម​នេះគឺជាចំណាត់​ថ្នាក់​ក្រុម​ជើង​ឯក ដល់​លេខ៣ មាន​ដូច​ខាង​ក្រោម៖

-ជើង​ឯក៖ ក្រសួង​អប់រំ យុវជន និង​កីឡា
-លេខ២៖ ក្រសួង​សុខាភិបាល
-លេខ​៣៖ ក្រុម​យុវជន​ក្រសួង​ការពារ​ជាតិ
-ក្រុម Fair Play៖ ក្រសួង​មុខងារសាធារណៈ
-កីឡាករ​ស៊ុត​​គ្រាប់​បាល់​ច្រើន​ជាង​គេ៖ ដោក តុលា របស់​ក្រសួង​សុខាភិបាល
-អ្នក​ចាំទី​ល្អ៖ ឯក ចាន់សុភក្តិ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា
-គ្រូ​បង្វឹក​ល្អ៖ យ៉ាន់គី ស៊ីវុត្ថា របស់ក្រសួង​អប់រំ យុវជន និង​កីឡា

រំលឹកថា នេះគឺជាលើកទី២ហើយ ដែល​ក្រុមក្រសួង​សុខាភិបាល បានត្រឹម​ជើងឯករង ដោយការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើក ទី៨ ឆ្នាំ​២០២២ ក្រុមក្រសួងសាធារណៈការ និង​ដឹក​ជញ្ជូន បាន​ក្លាយជាម្ចាស់ជើងឯក បន្ទាប់​ពី​យក​ឈ្នះ​ក្រុមក្រសួងសុខាភិបាល ៤-៣ នៅវគ្គផ្តាច់ព្រ័ត្រ។

ព្រឹត្តិការណ៍នេះ មានក្រុមចូលរួមរហូតដល់ ៣៤ក្រុម ស្មើនឹង ៧២ប្រកួត បែងចែកជា ៨ពូល ដើម្បីធ្វើការប្រកួតជម្រុះ នៅទី លាន​វិទ្យាល័យ​បឹងត្របែក ក្នុងនោះពូលA ដល់ពូលF គឺមាន ៤ក្រុមក្នុងមួយពូល ខណៈពូល G និងពូល H មាន ៥ក្រុម។ បន្ទាប់មកក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ដែលត្រូវធ្វើការប្រកួតនៅកីឡដ្ឋានស្ដាតចាស់។ សម្រាប់​ពីធី​បើកធ្វើ​ឡើង​នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងបិទបញ្ចប់នៅ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ស​ម្រាប់​លក្ខ​ខណ្ឌចូលរួមប្រកួត​ប្រជែង​នៅក្នុងព្រឹត្តិការណ៍នេះ រាល់កីឡាករទាំងអស់ ត្រូវតែជាមន្ដ្រីរាជការ ហើយក្រុមនីមួយៗ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតីកីឡា ទោះបីឈ្នះ ឬចាញ់ គឺជារឿងធម្មតា សំខាន់គឺការរឹតចំណងមិត្តភាព សាមគ្គីភាព និង​បង្កើន​ទំនាក់ទំនងល្អ រវាងគ្នា និងគ្នា រាប់ចាប់ពីមន្ដ្រីរាជការក្នុងការិយាល័យ ឬនា​យក​ដ្ឋាន រហូត​ដល់​ក្រសួង-ស្ថាប័ននីមួយៗ តាមរយៈការប្រមូលផ្ដុំហ្វឹកហាត់ និងការប្រកួតជាដើម៕

Share.