នៅចុង​ខែសីហា ឆ្នាំ២០២៤ ខាងមុខកម្ពុជា នឹង​ទទួល​រៀប​ចំ​ធ្វើជា​ម្ចាស់ផ្ទះ​ពាន​រង្វាន់​បាល់ទះ SEA V League Challenge Cup ដែល​មាន​ម្ចាស់ផ្ទះ​កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងមីយ៉ានម៉ា។

យោងតាម​ការ​ចេញផ្សាយពីផេក បាល់​ទះ Asean Volley Gossips បានចុះផ្សាយថា កម្ពុជា នឹង​ទទួល​សិទ្ធ​ជា​ម្ចាស់​ផ្ទះនៃពានរង្វាន់ SEA V League Challenge Cup នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ថ្មីៗនេះដោយ​មាន​ក្រុម​ចូល​រួមចំនួន៤ប្រទេស ដូចជា ​មានម្ចាស់ផ្ទះ​កម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី, និងមីយ៉ានម៉ា ខណៈ​ដែល​ការ​ប្រកួត​គ្រោង​នឹង​រៀបចំ​នៅថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

ទោះ​យ៉ាង​ណា​ក្តី​រង​ចាំ​ការ​ជូន​ដំណឹង​ផ្លូវ​ការ​ពីសហព័ន្ធបាល់ទះកម្ពុជា ជាមុនសិន សម្រាប់ការ​ប្រកួត​ដែល​នឹងធ្វើ​ឡើងនៅទឹកដីកម្ពុជា មួយនេះ។

យ៉ាងណាមិញកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ SEA VLeague លើកទី៤ ជា​មួយ​សមាគមបាល់ទះអាស៊ី អាគ្នេយ៍ នៅប្រទេសថៃ។

សូមជម្រាបថា សម្រាប់ក្រុមទាំង៤ មានដូចជា៖ កម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី, និងមីយ៉ានម៉ា ដែល​គ្រោង​នឹង​ប្រកួតនាពេលខាងមុខនេះ គឺ​ប្រកួតគ្នា​យក​តែ​១​ក្រុម​តែ​ប៉ុណ្ណោះ ដើម្បី​ឡើង​ទៅប្រកួតជុំបន្ត​ក្នុង​ពានរង្វាន់ SEA V.League ដែលជាពានរង្វាន់ប្រចាំ​តំបនអាស៊ាន។

គួរឱ្យដឹងថា ពារង្វាន់ SEA V.League បង្តើតឡើងដំបូងនៅឆ្នាំ២០១៧ ពោលគឺមានអាយុកាល ៧​ឆ្នាំ​ហើយ ដោយក្នុង​នោះ​ប្រទេសដែល​ឈ្នះពាននេះដំបូងគេ បានលើ​ក្រុម​ជម្រើសជាតិ​បាល់ទះ​ក្នុងសាលរបស់​ឥណ្ឌូនេស៊ី ជើងឯករងបានលើក្រុមថៃ លេខ៣វៀតណាម និងលេខ៤ គឺក្រុមហ្ចីលីពីន សម្រាប់ជើងទី១ ដោយ​គ្រារ​នោះ​​ប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣។

ដោយឡែកសម្រាប់​ជើងទី​២ នៅឆ្នាំ២០២៣ ដដែល ជើងឯកបានលើក្រុមជម្រើសជាតិ​ឥណ្ឌូនេស៊ី ជើង​ឯក​រង​បាន​លើក្រុមជម្រើសជាតិ​វៀតណាម លេខ៣ថៃ និងលេង៤ម្ចាស់ផ្ទះហ្វីលីពីន៕

Share.