ជា​ថ្មីម្ដង​ទៀត​ហើយ​ ដែល​ម្ចាស់​កម្មវិធី​ DIANO Fashion Model លោក យន់ ​វុទ្ធី ​ហៅ​ អេរិច បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ជា​ទីបំផុត ​ដើម្បី​បំផុស​ចលនា​​ប្រូម៉ូតផ្សព្វផ្សាយ​ពី​អត្តសញ្ញាណជាតិ​ ក៏​ដូច​ជា​លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក​ ដើម្បី​ផ្ដល់​ជា​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្នាឯង​ តាម​រយៈ​ការ​ច្នៃ​បង្កើត​អាវយឺត​ រំដួល​កម្ពុជា​ ដែល​ជា​ផលិតផល​ផលិត​ក្នុង​ប្រទេស​កម្ពុជា​ពិត​ៗ​ កើត​ចេញ​ពី​ស្នាដៃ​របស់កូន​ខ្មែរ​។

អាវយឺត​រំដួល​កម្ពុជា នេះ​មានមាន​​លក់​នៅ​ហាង​ Diano  ក្នុង​តម្លៃត្រឹម​តែ ​៣០០០០រៀល និង​ប្រាក់​ដុល្លារ​តម្លៃ​ ៧.៥ ដុល្លារ​ ជាមួយ​នឹង​តម្លៃ​ដ៏​សមរម្យ​នេះ​ម្ចាស់​ហាង DIANO​ មិន​ទទួល​បាន​ផល​ចំណេញ​ច្រើន​នោះ​ឡើយ​ ព្រោះ​បើ​តាម​ការ​ចែក​រំលែក​នៅលើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ ការ​​ជាវ​អាវយឺតរំដួល​កម្ពុជា​នេះ គឺ​ប្រៀប​ដូច​ជា​ការ​ចូលរួម​ធ្វើ​បុណ្យ​ជាមួយ​គ្នា​​ ព្រមទាំង​​រួម​ចំណែក​ជួយ​ដល់​សង្គម​ជាតិ​ ព្រោះ​ថវិកា​ដែល​បាន​ពី​ការ​លក់​អាវមួយៗ​នឹង​ផ្ដល់​ជូន​ទៅ​សហគមន៍​យុវជនសំរាមចំនួ​ន ២០០០រៀល ជូន​ទៅមន្ទីរពេទ្យ​គន្ធបុប្ផា ២០០០រៀល និង​ជូន​ទៅ​មជ្ឈមណ្ឌល​ដោះ​មីន​ APOPO ចំនួន ​២០០០រៀល។

សម្រាប់​បងប្អូន​ដែល​ចង់​ចូលរួម​ធ្វើ​បុណ្យ ក៏ដូច​ជា​លើក​ស្ទួយ​និង​គាំទ្រ​ផលិតផល​ផលិតក្នុង​ស្រុក​ អាច​ចូល​ទៅ​កាន់​ទំព័រហ្វេសប៊ុក​ DIANO ឬ​ទៅ​កាន់​ទីតាំង​ហាង​ផ្ទាល់​ដែល​ស្ថិតលើ​បណ្ដោយ​ផ្លូវ​មុនីវង្ស ទល់​មុខ​វិទ្យាល័យបឹង​ត្របែក​។

ការ​ចូលរួមទិញ ​និង​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ មិន​ថា​ជា​អាវយឺត​ អាវ​ក្រមា ឬ​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ដូច​ជា​កាបូបលុយ​ កាបូបស្ពាយ មួក គឺបាន​រួម​ចំណែក​ជួយ​បង្កើត​ការងារ​ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ផង​ដែរ​៕

Share.