វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Turkish Super Cup រដូវកាល ២០២៣-២៤ របស់ប្រទេសតួ​ក​គី ដំណើរការប្រកួតបានត្រឹម១នាទីប៉ុណ្ណោះ ក៏ត្រូវបានបញ្ចប់ ក្រោយក្រុម Fenerbahçe ដែលបានដាក់យុវជន អាយុក្រោម ១៩ឆ្នាំ សម្រេចបោះបង់ការប្រកួត ដោយការដើរចេញពីទីលាន។

គួរដឹងថានៅក្នុងវគ្គផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ Galatasaray ទល់នឹង Fenerbahçe កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Şanlıurfa 11 Nisan Stadium មានគ្រាប់បាល់កើតឡើងនៅនាទីទី១ ស៊ុតបញ្ចូលទីដោយកីឡាករ Mauro Icardi មុនកីឡាករ Fenerbahçe អាយុក្រោម១៩ឆ្នាំ សម្រេចដើរចេញពីទីលាន ដូច្នេះម្ចាស់ជើងឯកបានទៅលើក្រុមបាល់ទាត់ Galatasaray។

មូលហេតុដែលក្រុម Fenerbahçe ធ្វើដូច្នេះ គឺដើម្បីជាការតវ៉ាទៅកាន់ សហព័ន្ធបាល់ទាត់តួ​ក​គី ដែលគ្មានចំណាត់ការទៅលើក្រុម Trabzonspor បន្ទាប់ពីអ្នកគាំទ្ររបស់ក្រុមមួយនេះ បានរត់ចូលទៅដេញវាយ កីឡាករឈុតធំរបស់ក្រុម Fenerbahçe ពេញទីលាន កាលពីថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

យ៉ាងណាមិញកន្លងមកសហព័ន្ធបាល់ទាត់ប្រទេសតួកគី ក៏បានពិន័យក្រុម Trabzonspor ប្រកួតដោយ​គ្មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ចំនួន៦ប្រកួត នៅក្នុងដីរបស់ខ្លួន និងពិន័យជាប្រាក់ចំនួន (៩៤,០០០ ដុល្លារ) ខណៈគ្រូបង្វឹកលោក Egemen Korkmaz ត្រូវបានព្យួរ​១ប្រកួត។​ កីឡាករ Fenerbahçe İrfan Can Eğribayat និង Jayden Oosterwolde ក៏ត្រូវបានព្យួរ​១ប្រកួត។ ខ្សែការពារ Bright Osayi-Samuel របស់ក្រុម Fenerbahce ដែលបានវ៉ៃអ្នកគាំទ្រ Trabzonspor ដើម្បីការការពារខ្លួន មិនត្រូវបានពិន័យទេ។

ប៉ុន្តែក្រុមបាល់ទាត់ Fenerbahçe គិតថាការពិន័យ របស់សហព័ន្ធបាល់ទាត់ប្រទេសតួកគី លើក្រុម Trabzonspor ដែលបណ្តោយឲ្យអ្នកគាំទ្រសម្រុកចូលទីលាន និង​​វាយប្រហារកីឡាកររបស់អំឡុងការប្រកួត គឺមិនគ្រប់គ្រាន់នោះទេ។

គួរដឹងថា Fenerbahce គឺជាក្រុមបាល់ទាត់លំដាប់ទី២ ក្នុងប្រទេសតួកគី​ ដោយធ្លាប់​បាន​ឈ្នះ​ជើង​ឯក​លីគកំពូលច្រើនជាងគេ សរុប១៩លើក។ ខណ: Galatasaray ធ្លាប់ឈ្នះ២៣លើក៕

Share.