ក្លិបបាល់ទាត់ Everton ធ្លាក់ទៅឈរលេខរៀងទី១៦ នៃតារាងចំណាត់ថ្នាក់លីគកំពូលអង់គ្លេស Premier Leauge រដូវកាល ២០២៣-២៤ បន្ទាប់ពីត្រូវបានដកអស់២ពិន្ទុបន្ថែមទៀត ពីបទបំពានច្បាប់ចាយវាយ (PSR) កាលពីយប់ថ្ងៃ៨ ខែមេសា។

នេះជាលើកទី២ ផងដែរសម្រាប់ក្លិបស្ករគ្រាប់ Everton ដែលត្រូវបានរងការកាត់ពិន្ទុក្នុងរដូវកាលនេះ ធ្វើឱ្យក្រុមបាល់ទាត់ Everton ក្រោមការដឹកនាំរបស់លោក Sean Dyche មាន២៧ពិន្ទុ ឈរលេខរៀងទី១៦ ពោលគឺលើសតែ២ពិន្ទុប៉ុណ្ណោះពីលើតំបន់កាត់ចោល ខណ: Premier League នៅសល់៧ប្រកួតទៀត មុនបញ្ចប់រដូវកាល ២០២៣-២៤។

យោងតាមការចេញផ្សាយរបស់ BBC បានឱ្យដឹងថាគណៈកម្មការឯករាជ្យបានដាក់ទណ្ឌកម្មភ្លាមៗ បន្ទាប់ពីក្លិប Everton បានសារភាពថា ខ្លួនបានបំពានច្បាប់ PSR តាមរយៈខាតបង់ប្រាក់លើស ១៦.៦លានផោន សម្រាប់រយៈពេល ៣ឆ្នាំបញ្ចប់ត្រឹមតែមិថុនា ឆ្នាំ២០២៣។

គួរដឹងថាកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្លិបបាល់ទាត់ស្ករគ្រាប់ Everton ក៏ត្រូវបានកាត់ចំនួន ១០ពិន្ទុផងដែរ បន្ទាប់ពីរកឃើញថា ក្លិបបានរាយការណ៍មិនច្បាស់លាស់អំពីចំណូលចំណាយ ប្រចាំឆ្នាំរបស់ខ្លួននៅ Premier League យ៉ាងណាមិញបន្ទាប់ពីការប្តឹងតវ៉ារបស់ Everton ការកាត់ពិន្ទុបានថយមកកាត់ត្រឹម ៦ពិន្ទុវិញ៕

Share.