ក្លិប​បាល់ទាត់ Life FC ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ បាន​ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​ទី២ កម្ពុជា Cambodian League 2 រដូវកាល​២០២៣-២៤ ក្រោយ​​យក​ឈ្នះ​លើ​គូ​ប្រជែង​ក្លិប​បាល់ទាត់​ក្រសួង​មហាផ្ទៃ ព្រម​ទាំង​កក់កៅអី​ឡើង​ទៅ​លេង​លីគ​កំពូល​កម្ពុជា (Cambodian Premier League) រដូវកាល​២០២៤-២៥ ថែម​ទៀត​ផង។

ក្រោយ​ឈ្នះ​ជើង​ឯក​លីគ​ទី២​កម្ពុជា ក្រុម​បាល់ទាត់ Life FC បាន​ធ្វើការ​សំខាន់ៗ​ជា​បន្តបន្ទាប់​គួរ​អោយ​កត់​សម្គាល់​ដូចជា៖

ទី១) ហែពានក្រោយឈ្នះជើងឯក

ក្រោយ​បញ្ចប់​បេសកកម្ម​យ៉ាងជោគជ័យ ក្នុង​ពាន​រង្វាន់​លីគ​ទី២ (Cambodian League 2) ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ បានដង្ហែពានរង្វាន់លីគទី២ ជុំវិញទីក្រុងនៃទីរួមខេត្តព្រះសីហនុ ជាមួយក្រុមកីឡាករ គ្រូបង្វឹក សិស្សានុសិស្សជា ច្រើន នៃសាកលវិទ្យាល័យឡាយហ្វ រួមជាមួយអ្នកគាំទ្រ ហែហមតាមដងផ្លូវថែមទៀតផង។

ក្លិបទាត់ឡាយហ្វ ខេត្តព្រះសីហនុ អាចគ្រង​ជើង​ឯក​ពាន​រង្វាន់ លីគទី២ រដូវកាល​នេះ​បាន ក្រោយអាចរកពិន្ទុបានច្រើនជាងគេ នៅក្នុងតារាងចំណាត់ថ្នាក់ បើធៀបនឹងក្រុមទាំង៧ផ្សេងទៀតមានដូចជា ក្រុមក្រសួងមហាផ្ទៃ, វិសាខា(ខ) សៀមរាប, កងយោធពលខេមរភូមិន្ទ (ខ), អាយ អេស អាយ ដង្កោសែនជ័យ (ខ), និង ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ ។ ក្នុង​នោះ​ក្រុម​ឡាយហ្វ មាន​៣៥​ពិន្ទុពេញក្រោយ​ឆ្លង​កាត់១៨ប្រកួត ឈ្នះ១០ ស្មើ៥ និងចាញ់៣ ប្រកួត ចុងក្រោយស្មើជាមួយក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៤-៤ ខណៈប្រកួតនោះ ជាប្រកួតចុងក្រោយ កាត់​ក្តីរវាងក្រុងទាំងពីរធ្វើ​ឡើង​នៅ កីឡដ្ឋាន​បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុង​ខេត្ត​កណ្តាល។

ទី២) ចុះកុងត្រាយកគ្រូបង្វឹកសំបូរបទពិសោធន៍

គ្រងជើងឯកនៃពានរង្វាន់លីគទី២ កម្ពុជា បានតែ១ថ្ងៃប៉ុណ្ណោះ ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះស៊ីហនុ ដែលមាន លោក Koo Ja Hyeon (ឈ្មោះហៅក្រៅ Peter Koo) ជាអគ្គលេខាធិការក្លឹបបាល់ទាត់ Life FC បាន ប្រកាសតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្គោលថ្មីរបស់ក្រុមក្នុង​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។

លោកប្រាក់សុវណ្ណារ៉ា បច្ចុប្បន្ន មានវ័យ ៥១ឆ្នាំធ្លាប់បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចន្លោះ ឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ ក្រោយមកលោកបានដឹកនាំក្រុម ព្រះខ័នរាជស្វាយរៀង បាន១រដូវកាលក្នុង ឆ្នាំ ២០០៩ ក្រោយមក នៅឆ្នាំ២០១២ លោក ប្រាក់សុវណ្ណារ៉ា បានចូលដឹកនាំក្រុមជម្រើសជាតិបាន១ឆ្នាំ ចេញពីជម្រើសជាតិ លោក បានចូលដឹកនាំក្រុមណាហ្គាវើលដ៍ ចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ក្នុងនោះលោក បាន ចូលរួមជាមួយក្រុម គិរីវង្សសុខសែនជ័យ ក្នុងឆ្នាំ២០២១៤ ដដែរ។

ចូលដល់ ឆ្នាំ២០១៥ លោក ប្រាក់ សុវណ្ណារ៉ា បានចូលរួម ជាមួយក្លិបបាល់ទាត់បឹងកេត ដល់ឆ្នាំ២០១៧ ក្រោយ មកនៅឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ លោកបានចូលរួមជាគ្រូជំនួយក្រុមជម្រើសជាតិ នៅឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០ លោកបានចូលរូមមួយសមាគមន៏កីឡាករបាល់ទាត់ក្រសួងមហាផ្ទៃ។

ទី៣) ចេញទៅចងសម្ព័ន្ធភាពជាមួយដៃគូនៅអឺរ៉ុប

ក្នុង​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅលោក Koo Ja Hyeon អគ្គលេខាធិការ ក្លិប​បាល់​ទាត់​ឡាយហ្វ ខេត្តព្រះសីហនុ បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅប្រទេសអង់គ្លេស ព្រមទាំងបានធ្វើដំណើរទៅក្លឹបបាល់ទាត់ Real Bedford ដើម្បីបង្កើតបណ្តាញ និងពង្រីកការតភ្ជាប់សម្រាប់ក្លិបបាល់ទាត់ឡាយហ្វ។

លោក Koo Ja Hyeon បានលើកឡើងថា៖ “ខ្ញុំពិតជាមានការរីករាយណាស់ក្នុងការមកដល់ Real Bedford​ ដើម្បីភ្ជាប់បណ្តាញ និងរៀនពីគម្រោង​ព្រមទាំង​ បទពិសោធន៍សិក្សាដ៏អស្ចារ្យពី ក្លឹប​បាល់ទាត់ Real Bedford សមត្ថភាព បច្ចេកទេសរបស់កីឡាករ គឺពិតជាពូកែ គណៈគ្រប់គ្រង បុគ្គលិក ​និង​គ្រូ​បង្វឹក​មាន​ភាព​រួស​រាយរាក់ទាក់ទៅលើរបៀបដែល​ពួកគេ​បានជួយដល់ខ្ញុំ។ ខ្ញុំមានភាពរីករាយរាល់ពេលវេលាដែលខ្ញុំនៅជាមួយក្លឹប​បាល់ទាត់ Real Bedford។ នេះគឺ​ជា​អ្វី​ដែល​ពិតជា​ពិសេស”។

ទី៤) រៀបចំខ្លួនឱ្យត្រូវនឹងស្តង់ដាររបស់ CPL និង AFC

ក្នុង​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កញ្ញា ជា ស្រីលីស អ្នក​គ្រប់​គ្រង​អាជ្ញាប័ណ្ណ​ក្លិបបាល់ទាត់​របស់​ក្រុមហ៊ុន​ខេមបូឌាន​ព្រីមៀរលីគ​ Cambodian Premier League ​បានចុះជួបពិភាក្សា​ជា មួយក្លិប បាល់ទាត់ ឡាយហ្វខេត្តព្រះសីហនុ នៅកីឡដ្ឋានឡាយហ្វ ខេត្តព្រះស៊ីហនុ ផ្ទាល់ ដើម្បីជជែកពិភាក្សា ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់ឯក​សារមួយ​ចំនួនដែល​បានចុះ​បញ្ជីក្នុង​ប្រព័ន្ធ​ ​​AFC Club Licensing ព្រមទាំងចុះពិនិត្យមើល​ហេដ្ឋា​រចនាសម្ព័ន​ជាក់ស្ដែង​នៅក្នុងក្លិប ឱ្យ​ស្រប​តាម​ច្បាប់ ឬ​ល័ក្ខ​ខ័ណ្ឌ​សមស្រប​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC)។

ក្លិប​បាល់ទាត់ Life FC បង្កើតឡើង ព្រម​ទាំង​ចូល​ប្រកួត​ពានរង្វាន់​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៩ មក តែក្លិបដែលមានមូលដ្ឋាននៅខេត្តជាប់មាត់សមុទ្រ មួយ នេះ​ទើប​អាច​ចូល​ជា​សមាជិក​លីគ​ទី២ នៅ​រដូវកាល​២០២៣-២៤។

សូម​រំលឹក​ថា​កាល​ពីឆ្នាំ​២០០៩ ក្រុម​នេះ​ប្រើ​ឈ្មោះ​ថា​ក្រុម​បាល់ទាត់​សាកលវិទ្យាល័យ​ឡាយ (Life University FC) ចូល​ប្រកួត​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ពោល​គឺ​ឈ្នះ​ ២លើក​ចាញ់​១លើក ក្នុង​វគ្គ​ជម្រុះ​តាម​ពូល ព្រម​ទាំង​ដឹកដៃ​ក្រុម​ព្រះខ័នរាជ (បច្ចុប្បន្ន​ព្រះខ័រាជស្វាយរៀង) ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថែម​ទៀត​ផង។ តែ​ចូល​ដល់​​១៦​ក្រុម​ចុងក្រោយ ក្រុម Life University FC បាន​ចាញ់​ក្រុម Ranger FC (ប្តូរ​ឈ្មោះ​ពី​ខេមរាកីឡា) ដោយ​លទ្ធផល ៦ទល់៣។

តាំង​ពី​ពេល​នោះ​មក​​ក៏​បាត់​ឈ្មោះ​​ក្រុម Life FC ឈឹង​តែ​ម្តង​ ប៉ុន្តែ​មាន​ពាក្យ​ចចាមអារាម​ខ្លះ​ថា​ក្រុម​មួយ​នេះ​តែងតែ​ចូល​ប្រកួត​ប្រើ​ឈ្មោះ​ជា​ក្រុម​តំណាង​ខេត្ត​ព្រះសីហនុ វិញ ហើយ​រហូត​បង្ហាញ​ខ្លួន​ជា​ថ្មី​​នៅ​ឆ្នាំ​២០២៣-២៤ នេះ​ផ្ទាល់​តែ​ម្តង៕

Share.