តារា​កំប្លែង​ចំនួន​៤​រូប​បាន​ទទួល​អំណោយ​ឧបត្ថម្ភ​ជា​អង្ករ​និង​កញ្ចប់​ថវិកា​ពី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ដើម្បី​ដោះ​ទាល់​ក្នុង​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ Covid-19​។​

យោង​តាម​ការ​ផុស​ពី​អ្នក​នាង ​ចន ​ចាន់​លក្ខិណា​​នៅ​លើ​បណ្ដាញ​សង្គម​នា​ថ្ងៃ​ទី​២១​ខែ​មេសា​នេះ​បាន​ឱ្យ​ដឹង​ថា​តារា​កំប្លែង​ជើង​ចាស់​ចំនួន​៤​រូប​ទទួល​បាន​ការ​ឧបត្ថម្ភ​អង្ករ​និង​ថវិកា​ពី ​”​មូល​និធិ​សិល្បករ​ចាស់​ជរា​”​ប្រចាំ​ខែ​ដោយ​តារា​កំប្លែង​ទាំង​៤​រូប​នេះ​មាន​៖​

១.​តារា​កំប្លែង​ជើង​ចាស់​លោក​ពូ ​ក្តិប​ ​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ ​និង​ជីវភាព​ខ្វះ​ខាត​។​

២​.​តារា​កំប្លែង​ជើង​ចាស់​អ្នកម៉ែ​ ​ណយ​ ​សំណាង​ ​មាន​ជំងឺ​បេះដូង​ ​និង​វង្វេង​។​

៣​.​តារា​កំប្លែង​ជើង​ចាស់​លោក​ពូ ​ចេក​ ​មាន​ជំងឺ​ប្រចាំ​កាយ​ ​និង​ជីវភាព​ខ្វះ​ខាត​។​

៤​.​តារា​សម្តែង​អ្នក​ម៉ែ ​សោម​ ​កណ្ណិកា​ ​​មាន​ជំងឺ​ពុក​ឆ្អឹង​ ​និង​បេះដូង​។

បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​ស្ដី​ពី​ការ​ជួយ​​ឧបត្ថម្ភ​​អង្ករ​និង​ថវិកា​ជូន​ដល់​តារា​កំប្លែង​ជើង​ចាស់​ទាំង​៤​រូប​ខាងលើ​ក៏​មាន​បងប្អូន​អ្នក​លេង​បណ្ដាញ​សង្គម​ចូល​ទៅ​ខមមិន​អបអរសាទរ​និង​គាំទ្រ​ហើយ​បញ្ចេញ​មតិ​យោបល់​សឹង​តែ​ដូច​គ្នា​ថា​តារា​កំប្លែង​ជើង​ចាស់​ទាំង​៤​រូប​នេះ​ស័ក្ដិសម​នឹង​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​។ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​បាន​ចូលរួម​បួងសួង​ឱ្យ​តារា​កំប្លែង​ទាំង​៤​រូប​ឆាប់​មាន​សុខភាព​ល្អ​ឡើង​វិញ​ព្រោះ​នឹក​ដល់​ការ​សម្ដែង​របស់​ពួក​គាត់​នៅ​លើ​ឆាក​សម្ដែង​និង​ចង់​ឃើញ​គាត់​ទាំង​៤​រូប​អាច​ត្រលប់​ទៅ​សម្ដែង​វិញ​បាន​ពេល​បញ្ហា​កូវីដ​-១៩​មាន​ការ​ធូរស្រាល​៕​​​

Share.