ត្បូងឃ្មុំ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត សហការជាមួយមន្ទី-អង្គភាពពាក់ព័ន្ធ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បន្តចុះផ្សព្វផ្សាយកម្មវិធីយល់ដឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចែកមួកសុវត្ថិជាង១០០ សៀវភៅច្បាប់ចរាចរណ៍ និងខិតប័ណ្ណរាប់ពាន់សន្លឹក ជូនពលរដ្ឋជាអ្នកដំណើរ ស្ថិតនៅក្បែររង្វង់មូលស្តេចកន ផ្លូវចូលបុរីរដ្ឋបាល ទីរួមខេត្តត្បូងឃ្មុំ។ 

សកម្មភាពនេះក្រោមកិច្ចសហការដោយសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើឡើងក្នុងគោលបំណង ដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរក្នុងឱកាសឈប់សម្រាកប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ឱ្យជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ។ 

ក្នុងឱកាសនោះ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត បានថ្លែងសារជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ពេលធ្វើដំណើរដោយរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដោយម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពជាប្រចាំ ដើម្បីការពារគ្រោះចរាចរណ៍ជាយថាហេតុ ព្រោះថាមួកសុវត្ថិភាពមួយអាចជួយការពារជីវិតបានម្នាក់ ។ 

បន្ថែមពីនេះ ឯកឧត្តម ហុក ពេជ្រហោះ  បានធ្វើការអំពាវនាវ ក្រើនរំលឹក និងសំណូមដោយទទូច សូមឲ្យបងប្អូនពលរដ្ឋធ្វើដំណើរតាមដងផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងយល់អធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាព ការពារអាយុជីវិតខ្លួន និងអ្នកដ៏ទៃ ស្របតាមទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ។ 

សូមជម្រាបថា: ក្នុងការផ្សព្វផ្សាយការយល់ដឹងសុវត្ថិភាពចរាចរណ៍នេះ លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសំណួរ-ចម្លើយ ដើម្បីផ្តល់រង្វាន់ជូន ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឆ្លើយបានត្រឹមត្រូវ។ ក្នុងនោះបានចែកជូន:១.មួកសុវត្ថិភាពចំនួន ១២៥មួក២.ផ្ទាំងសញ្ញាសិទ្ធិអាទិភាព ចំនួន ៥៤ផ្ទាំង៣.ផ្ទាំងថ្មើរជើង ចំនួន ៥៤ផ្ទាំង៤.ផ្ទាំងកាត់ទ្រុងរថយន្ត ចំនួន ៤៣ផ្ទាំង៥.ផ្ទាំងសញ្ញាចរាចរណ៍ ចំនួន ៥៤ផ្ទាំង៦.ស្ទីកឃ័រ “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ចំនួន ១០ផ្ទាំង៧.សៀវភៅដែលអ្នកជិះម៉ូតូ គួរយល់ដឹង ចំនួន ៦០០ក្បាល៨.សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន៧២០ក្បាល៩.ស្ទីកឃ័រចំណាំងផ្លាត ចំនួន១៤៣០សន្លឹក១០.បង្គោលកោណចំនួន ចំនួន ៥០បង្គោល ៕

Share.