ក្រចេះ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន៣នាក់ បន្ទាប់ពីទាស់គ្នាតាម Chat ស្រាប់តែយុវជនមួយក្រុម ស្ទាក់គប់ដុំថ្មលើគូទំនាស់បណ្ដាលដួលម៉ូតូរបួសធ្ងន់២នាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីវេលាម៉ោងប្រហែល១៧៖៥០នាទី នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ។

ការឃាត់ខ្លួននេះធ្វើឡើងក្រោយប៉ុស្តិ៍រដ្ឋបាលដំរីផុង បានទទួលបណ្តឹងពីឈ្មោះ វណ្ណ ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ បានរាយការណ៍ថា ខ្លួនជិះម៉ូតូចំនួនពីរគ្រឿងមានគ្នាចំនួន៤នាក់ ធ្វើដំណើរត្រលប់មកផ្ទះ។

លុះមកដល់ចំណុចមណ្ឌលសុខភាពដំរីផុង ស្រាប់តែមានក្រុមក្មេងស្ទាវចំនួន០៦នាក់ ជិះម៉ូតូ០៣គ្រឿង យកដំថ្ម ដេញគប់ពួកខ្លួន រហូតដល់ចំណុចអូរស្វារ ភូមិប្រហួត ឃុំដំរីផុងស្រុកឆ្លូង ខេត្តក្រចេះ ក្រុមក្មេងស្ទាវខាងលើបានគប់មកលើពួកខ្លួន បណ្តាលឲ្យម៉ូតូមួយគ្រឿងជិះធ្លាក់ផ្លូវទៅបុកដើមស្វាយ ដែលបើកបរដោយ ឈ្មោះ ហ៊ួរ ភេទប្រុស អាយុ១៧ឆ្នាំ រងរបួស របកស្បែកក្បាលខាងមុខលើថ្ងាស់ដាច់ចេញឈាម និងឈ្មោះ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ បាក់ថ្គាម និងបែកក្បាលផ្នែកខាងក្រោយ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង។ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងស្ទាវខាងលើ បាននាំគ្នារត់គេចខ្លួនអស់។

ក្រោយពីទទួលបានពាក្យបណ្តឹងស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសុំធ្វើការសហការស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ទី១៖ ឈ្មោះ ស៊ុន ដាលីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។ ឃាត់ខ្លួនបានត្រង់ចំណុច ភូមិដីថ្មី ឃុំព្រែសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ទី២៖ ឈ្មោះ លី វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។ ឃាត់ខ្លួនបានត្រង់ចំណុចភូមិបុស ឃុំដំរីថុង ស្រុកឆ្លូង ខេត្តក្រចេះ។ ទី៣៖ ឈ្មោះ ណាំ រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។ ឃាត់ខ្លួនបានត្រង់ចំណុចសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបាន ឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពសកម្មភាពជិះម៉ូតូដេញគប់ដុំថ្ម ទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែ ខ្លួនបានថតរូបជាមួយសង្សាររបស់ជនរងគ្រោះ បន្ទាប់មកជនរងគ្រោះក៏បានឆាតមកជេរខ្លួន ទើបឈានដល់ការធ្វើសកម្មភាពនេះឡើង ដោយមានគ្នាចំនួន៦ ជិះម៉ូតូចំនួន៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

អត្ថបទ៖ ចតុមុខ

Share.