ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ស្រី១នាក់ ជាមុខសញ្ញាសកម្មលួចគាស់ផ្ទះ កាច់សោកម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍ បង្ក្រាបចាប់ឃាត់ខ្លួនបានជាក់ស្តែង ខណៈដែលកំពុងធ្វើសកម្មភាពគាស់ កាត់សោផ្ទះ ប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ។

ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នៅក្បែរវត្តអង្គតាមិញ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមលោកវរសេនីយ៍ត្រី សាយ ចំរើន នាយប៉ុស្តិ៍ចោមចៅទី១ បានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ជុំវិញសភាពការណ៍សន្តិសុខក្នុងមូលដ្ឋាន ខណៈដែលបងប្អូនក្នុងមូលដ្ឋានមួយចំនួនបានបិទទ្វារផ្ទះ រវល់តែចាកចេញទៅចូលរួមបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានក្រុមជនសង្ស័យឆ្លៀតឱកាស ធ្វើសកម្មភាពគាស់ កាត់សោ ទម្លុះទម្លាយផ្ទះ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ទើបកម្លាំងប៉ុស្តិ៍ កម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ ចុះទៅបង្ក្រាបជាក់ស្តែង ជនសង្ស័យផ្អើលរត់គេចចូលក្នុងបរិវេណវត្តអង្គតាមិញ កម្លាំងសហការឡោមព័ន្ធ ចាប់ឃាត់ខ្លួនបានចំនួន៤នាក់ ស្រី១នាក់ ដកហូតបានកន្ត្រៃកាត់ដែក កាំបិត ដែកគាស់។

ជនសង្ស័យទាំង៤នាក់ ក្រោយពីចាប់ឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង នាំយកទៅផ្នែកជំនាញខណ្ឌ ទើបបែកធ្លាយ ជាមុខសញ្ញាសកម្មលួច កាច់សោកម៉ូតូ សមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.