វប្បធម៌៖ ​អស់​ពីរឿង​មួយ​ចូល​ដល់​រឿង​មួយ​ទៀត ដែល​បងប្អូន​នៅ​ខាង​ផ្ទះ​លេខ​២ ឬ​​ភាគី​ថៃ​ តែងតែ​មក​ឆ្កឹះឆ្កៀល​ ហើយ​តាម​រក​រឿង​បងប្អូន​ខ្មែរ​ដល់​ក្នុង​របងផ្ទះ​ ព្រោះ​បញ្ហា​អ្នក​ផលិតមាតិកា​បំភ្លៃការ​ពិត​មិន​ទាន់​បាន​បិទ​បញ្ចប់​ផង​ស្រាប់​តែ​បេក្ខភាពស្រី​ស្អាត​តំណាង​ឱ្យ​ខេត្ត​បុរីរម្យ​ (Buri Ram) បាន​បង្ហោះ​រូប​ភាព​​ចំនួន​៣​សន្លឹក​ នៅ​មុខ​ប្រាសាទ​អង្គ​រវត្ត​រ​បស់​កម្ពុជា​ ប៉ុ​ន្តែ​ជា​រូបភាព​ដែល​ហាក់​ដូច​ជា​បង្ហាញ​ពី​ការ​ច្រណែន​និង​ការ​ចង់​កាឡៃ​ប្រាប់​ពិភពលោក​ថា​ប្រាសាទ​ដ៏​អច្ឆរិយៈ​របស់​កម្ពុជា​មួយ​នេះ​ជា​របស់​ខ្លួន​ទៅវិញ​។

ស្រីស្អាត Amy Viranya Berry ដែល​​មាន​ការ​សិក្សា​ខ្ពង់ខ្ពស់​ព្រោះ​ទៅ​រៀន​ដល់​ក្រុងឡុងដ៍ ប្រទេស​អង់គ្លេស​ នៅ​សកល​វិទ្យាល័យ​ London Colleague of Fashion ប៉ុន្តែ​គំនិត​និង​ការ​គិត​បែរជាទាប​ជាង​ក្មេង​រៀន​បឋម​រូប​នេះ​ បាន​សរសេរ​ថា​៖ «Happy Songkran Happy Thai New Year Everyone» បើ​គ្រាន់​តែ​ពាក្យ​ប៉ុណ្ណឹង​ វាមិន​មាន​អ្វី​ខុស​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ពល​រដ្ឋ​ខ្មែរ​ចាប់​កំហុស​នោះ​គឺ​នៅ​ត្រង់ នាង​បាន​បង្ហោះ​រូបថត​របស់​ខ្លួន​​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ទៅវិញ​ទេ​។

រូបភាព​ផ្គើន​របស់​នាង​ បានធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ដែល​មើល​ឃើញ​សម្ដែង​ការ​មិន​ពេញចិត្តជាខ្លាំង​ ព្រោះ​វា​បាន​បង្ហាញ​ចេតនា​ទាំងដុល​របស់​នាង​ ដែល​មាន​ចិត្ត​ច្រណែន​ និង​ចង់​បំភាន់​ភ្នែក​ពិភពលោក​ថា​ ​ប្រាសាទ​អង្គរវត្ត​ជា​របស់​ថៃ​។

សកម្មភាព​របស់​នាង​នេះ​ ត្រូវ​បាន​បងប្អូន​ខ្មែរ​អ្នក​ស្នេហាជាតិ​ និង​អ្នក​ជាតិ​និយម​ សម្ដែង​ក្ដី​មិន​ពេញ​ចិត្ត​ និង​ទាមទារ​ចង់ឱ្យ​នាង​បង្ហាញ​អ្វី​ដែល​ជា​ការ​ពិត​ ព្រោះ​ទង្វើ​របស់​នាង​នេះ​ កំពុង​តែ​បង្ក​ឱ្យ​កើត​មាន​ទំនាស់​គ្នា រវាង​ប្រជាជន​ខ្មែរ​និង​ប្រជាជនថៃ​​ ខណៈ​ដែល​កម្ពុជា​កន្លង​មក​បាន​ព្យាយាម​រក្សា​ចំណងមិត្ត​ភាព​សាមគ្គីភាព​ក្នុង​ភាព​ជាបងប្អូន​រស់​នៅ​ប្រទេស​ភូមិផង​របងជាមួយ​គ្នា​។

​បងប្អូន​អ្នក​លេង​បណ្ដាញ​សង្គម​ និង​សាធារណជន​ សង្ឃឹម​ថា​ កញ្ញា Amy Viranya Berry បេក្ខភាព​ Miss Grand តំណាង​ឱ្យខេត្ត​បុរីរម្យ ដែល​ជា​ខេត្ត​ស្ថិត​នៅ​ ​ភាគ​ឦសាន្ត ​នឹង​ចេញ​មក​ពី​ពន្យល់​ពី​ចេតនា​របស់​នាង​ ចំពោះ​ការ​បង្ហោះ​ផ្សព្វផ្សាយ​រូបភាព​ ៣​សន្លឹក​ នៅមុខ​ប្រាសាទ​អង្គរ​វត្ត​ របស់​ខ្មែរ តើ​នាង​មាន​បំណង​អ្វី​ឱ្យ​ពិត​ប្រាកដ?

Share.