កាល​ពី​រាត្រី​ថ្ងៃ​ទី​១៦ ខែមេសា ដែល​ជា​ថ្ងៃ​បង្ហើយ​នៃ​កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ មហាសង្ក្រាន្ត​ឆ្នាំ​រោង​ ព.ស២៥៦៨ គ.ស២០២៤ ដោយ​អត់​ទ្រាំ​នឹង​ទង្វើ​ផ្គើន​របស់​បវរកញ្ញា​ថៃ​ពី​វេទិកា​ Miss Grand ពុំ​បាន​បុគ្គល​ល្បី​និង​អ្នក​ជំនួញ​លើ​វិស័យ​ម្ហូប​អាហារ និង​ភេសជ្ជៈ Pey Pey Dy បាន​បន្ថែម​ Caption នៅលើ​រូប​ភាព​របស់​កញ្ញា​ Amy Viranya Berry យ៉ាង​ខ្លី និង​សាមញ្ញ ប៉ុន្តែ​ចាក់ដោតខ្លាំង​។

​បេក្ខភាព​តំណាង​ឱ្យ​ខេត្ត​នាភាគ​ឦសាន្ត​ប្រទេស​ថៃ បុរីរម្យ​ កញ្ញា Amy បាន​បង្ហោះ​រូបភាព​ ៣​សន្លឹក​ក្នុងសំលៀកបំពាក់​បុរាណ​ ស្បៃ​ចំហៀង​ពណ៌​ផ្កាឈូក​ខ្ចី​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ និង​សរសេរ​ថា​ រីករាយ​សង្ក្រាន្ត រីករាយ​ចូលឆ្នាំ​ថ្មី​ថៃ​ អ្នក​គ្រប់​គ្នា​ ដែល​ Caption មួយ​នេះ​ ដុត​កំហឹង​ពលរដ្ឋ​កម្ពុជា​ជា​ខ្លាំង​ ព្រោះ​តែ​កញ្ញា​រូប​នេះ​បាន​បង្ហោះ​រូប​ភាព​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​របស់​ខ្មែរ បែរជាសរសេរ​ខ្លឹមសារ​ខាង​លើ ដែល​អាច​ធ្វើ​ឱ្យ​បរទេស​មាន​ការ​ភាន់​ច្រឡំ ​ហើយ​អាច​ស្មាន​ខុស​ថា​ប្រាសាទ​អង្គរ​ដ៏​អច្ឆរិយៈ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​។

យ៉ាង​ណា​មិញ​ជាមួយ​នឹង​ចល​នា​រួម​គ្នា​ឆ្លើយតបត​នឹង​បេក្ខភាព​រូប​នេះ​ គេ​ឃើញ​មាន​បុគ្គល​ល្បីៗ​ជា​ច្រើន​រូប​បាន​ចេញ​មក​បង្ហាញ​​មតិ និង​ ឆន្ទៈស្នេហាជាតិ​មាតុភូមិ ដោយ​​លោក Pey Pey Dy បាន​ចែក​រំលែក​ផុស​កញ្ញា Amy ហើយ​ ​សរសេរ​យ៉ាងខ្លី​ថា៖ «សូមវត្ថុសក្តិសិទ្ធិជួយកាច់វាផង» ដោយ​ពាក្យ​ដ៏ខ្លី​នេះ​ទទួល​បាន​ការ​ពេញ​ចិត្ត​និង​មាន​ការ​ចែក​រំលែក​យ៉ាង​គគ្រឹកគគ្រេង​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​គាំទ្រ​ចំពោះ​អ្វី​ដែល​លោក​បាន​និយាយ​៕

Share.