សិល្បៈជាតិ​៖ ទើប​តែ​ផ្លាស់សករាជ​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​ថ្មី តារា​សម្ដែង និង​ពិធីការិនីកម្មវិធី​ 3Fun អ្នក​នាង​ គង់​ ច័ន្ទស្រីមុំ​ ទទួល​រងនូវ​ពាក្យ​រិះគន់​យ៉ាង​ដំណំ ករណី​ដែល​អ្នក​នាង​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ប្រទេស​ថៃ​ ដោយ​ឡែក​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ត្បិត​ថា​ មិន​បាន​ផុស​ចំៗ​ តែ​តារា​ប្រុស​២​ដួង​គឺ​ តារា​ចម្រៀង​​វេហាស៍ និង​តារា​សម្ដែង ឆឹម សក្កដា បាន​បង្ហោះ​ Status ស្រដៀង​ៗ​គ្នា​ ដែល​អ្នក​ខ្លះ​កាត់​ន័យ​យល់​ថា​ ពួក​លោក​ទំនង​ជា​ចង់​សំដៅ​ដល់​អ្នក​នាង​ គង់ ច័ន្ទស្រីមុំ ទោះ​ជា​មិន​បង្ហាញ​ឈ្មោះ​ត្រង់​ៗ​ក្ដី​។

ក្រោយ​ផ្ទុះ​ករណី​អ្នក​នាង​ គង់ ច័ន្ទស្រីមុំ ទៅ​លេង​ចូលឆ្នាំ​នៅ​ប្រទេស​ថៃ​ ដែល​ហាក់​ដូច​ជា​ប្រូម៉ូត​ពី​វប្បធម៌​របស់​គេនោះ​ លោក ឆឹម សក្កដា គូ​ដណ្ដឹង​​របស់​​អ្នក​​នាង​ ពេជ្រ សោភា បាន​​សរសេរ​​ខ្លី​ ខ្លឹម​ ប៉ុន្តែ​ស្ដាប់​ហើយ​ឈឺ​ខួរ​ក្បាល​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៥ ខែ មេសា ដែរ​ថា «ខ្មែរ​យើង​​មាន​​សង្ក្រាន្ដ​ជា​​ពិធី​​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​​ប្រពៃណី​​ជាតិ​​​ ​ហេតុអី​​បង​ប្អូន​​មួយ​ចំនួន​​ទៅ​​គាំទ្រ​​ផ្ទះ​លេខ​​ពីរ​​​ ​អោយ​​គេ​​កាន់​​តែ​​មើល​ងាយ​យើង​?​ ​គេ​ហ្នឹង​ថា​គេ​ជា​ម្ចាស់​ដើម​ ​ព្រោះ​សូម្បី​តែ​យើង​ក៏​ទៅ​លេ​ង​ផ្ទះ​គេ!​»​

ក្រោយ​មក​​ទៀត​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១២​ កន្លះ​ គេ​ឃើញ​គណនី​ហ្វេសប៊ុក​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេរ លោក វេហាស៍ ក៏​បាន​ចេញ​មក​បង្ហាញ​មតិ​ផ្ទាល់​ខ្លួន​ ដែល​សាធារណជន​ យល់​ស្រប​ដូច​គ្នា​ថា​ បុរស​សង្ហា​រូប​នេះ​ទំនង​ជា​ចង់​ថា​ឱ្យ​អ្នក​នាង​ គង់ ច័ន្ទស្រីមុំ​ ដូច​គ្នា​ទៅ​នឹង​លោក​ ឆឹម សក្កដា ដែរ​។ លោក​លោក វេហាស៍ បាន​លើក​ឡើង​ថា​៖ «​លុយ​គេ​ទេ គេចង់ទៅដើរលេងសង្រ្កាន្តនៅកន្លែងណា ប្រទេសណាក៏បាន សិទ្ធិគេតាស់ ទទួលស្គាល់ថាលុយគេ សិទ្ធិគេ តែចេះឈឺចាប់អត់នៅពេលដែលគេមកលេងផ្ទះខ្លួនឯងម្តងៗគេផុសដៀលក្បាលយើងម្ចាស់ផ្ទះដូចឆ្កែនៀក? បើមិនចេះឈឺចាប់រឿងគេដៀលផ្ទះខ្លួនឯងទេ ក៏គួរចេះសោកស្តាយនូវពាក្យ​’សង្រ្កាន្ត’​ដែល​ពួក​វា​ទើប​ដាក់​ចូល​យូណេស្កូដែរ។ ទៅដើរលេងស្រុកពួកវាហើយផុសសប្បាយអបអរគគ្រឹកគគ្រែងដូចជួយផ្សព្វផ្សាយបន្ថែមអោយពិភពលោកបានដឹងថាសង្រ្កាន្តជារបស់ពួកវាចឹង។ លោកអើយលោក បើ​ថា​ជ្រើម​ចង់ទៅ​ដើរ​លេង​ស្រុក​វា​ម្លឹង​ៗ​ ​ក៏​គួរ​លាក់​ៗ​ខ្លះ​ទៅ ​ទៅ​ធ្វើ​ឯង​អី​ណា​សប្បាយ​អឹងកងបង្ហោះ​បង្ហាញ​ដល់​ហើយ​ ​ទាំង​ដែល​ជនជាតិ​ពួក​វា​នោះ​ផុស​ដៀល​ប្រទេស​ខ្លួនឯង​តាម​ ​social media ​សឹង​រាល់​ថ្ងៃ​។​ ​ចេះ​ឈឺ​ចាប់​ខ្លះ​ផង​ ​អ្នក​ល្បី​ៗ​​អើយ​។​»

មែនទែន​ទៅ​ អ្វី​ដែល​តារា​ប្រុស​​២​ដួង​នេះ លើក​យក​មក​និយាយ​ មិន​ខុស​​ទេ​ ក្នុង​​នាម​​ជា​​តារា​​​ ​បុគ្គល​សាធារណជន ឬ​មនុស្ស​របស់​មហាជន​ ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្នឱ្យ​បាន​ខ្ពស់​ ព្រោះ​រាល់​ទង្វើ​ កាយវិការ ឬ​ពាក្យ​ពេចន៍​ណាមួយ​នោះ គឺជា​គំរូ​សម្រាប់​អ្នក​គាំទ្រ​ ជា​ពិសេស​ខណៈ​ដែល​បញ្ហា​ដ៏​រសើប​និង​ចម្រូងចម្រាសគ្នា​រវាង​ខ្មែរ​និង​ថៃ​ លើ​រឿង​សង្ក្រាន្ត​ទៀត​នោះ​ ទើប​មហាជន​ មាន​ការ​ព្រួយ​បារម្ភ ព្រោះ​គ្រប់​រូប​ភាព​ទាំង​អស់​សុទ្ធតែ​អាច​ជា​ចំណុចខ្សោយ​សម្រាប់​ឱ្យ​គេ​យក​មក​ជាន់ពន្លិច​លើ​ខ្មែរ​​យើង​បាន ពិសេស​អ្នក​នាង​ គឺជា​តារា​ល្បី​ដែល​មាន​អ្នក​តាម​ដាន​​លើ​​បណ្ដាញ​​ Social Media ច្រើន​​សន្ធឹកសន្ធាប់​​រហូត​ដល់​​ទៅ​​១.៩M ​ដូច្នេះ​​ទៀត​​៕​

Share.