ភ្នំពេញ៖ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា នេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន ៦៤ករណី បណ្ដាលឱ្យមានអ្នកស្លាប់ ៣៧នាក់ និងរងរបួសធ្ងន់ ស្រាល ៨៨នាក់ ចំនួននេះកើនឡើងបន្ដិចបើធៀបនឹងឆ្នាំមុន។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបញ្ជាក់ថា សម្រាប់ថ្ងៃទី១៣ ជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៧ករណី ប​ណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១១នាក់ និងរបួសធ្ងន់ ស្រាល ២២នាក់។ លោកបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៤រាជធានី-ខេត្ត។

ចំណែកនៅថ្ងៃទី២ ​នៃពិធីបុណ្យ ​មាន​គ្រោះ​ថ្នាក់​ចរាច​រណ៍​កើត​ឡើង ១៧ករណីដូចគ្នា បណ្ដាលឱ្យមានអ្នកស្លាប់ ​៨នាក់ និងរបួសធ្ងន់ ស្រាល ​២៨នាក់។ លោកបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងរាជធានី-ខេត្តចំនួន១១។

រីឯនៅថ្ងៃទី៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ​១៨ករណី បណ្ដាលឱ្យស្លាប់ចំនួន ១១នាក់ ​របួសធ្ងន់ ស្រាល ​២៤នាក់។ លោកបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងដែនសមត្ថកិច្ចរាជធានី-ខេត្តចំនួន១២។

ដោយឡែកថ្ងៃចុងក្រោយនៃពិធីបុណ្យនេះ ពោលគឺថ្ងៃទី១៦ ខែមេសា ​មានករណីគ្រោះថ្នាក់ចរាចរណ៍កើត​ឡើងចំនួន ១២ករណី បណ្ដាលឱ្យមានអ្នកស្លាប់​ ចំនួន ០៧នាក់ របួសធ្ងន់ ស្រាល ១៤នាក់។ លោកបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងដែនសមត្ថកិច្ចរាជធានី-ខេត្តចំនួន៩។

​ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៤ អំឡុងពេលចូលឆ្នាំ ​​បានកើនឡើងចំនួន ១៩ករណី បើធៀបនឹងពេលចូលឆ្នាំដូចគ្នា ឆ្នាំ២០២៣ ខណៈអ្នកស្លាប់បានកើនឡើង ១២នាក់ ខណៈអ្នករបួសថយចុះ ៤នាក់។

អ្នក​នាំពាក្យរង បានបញ្ជាក់ថា បើធៀបរយៈពេល ៣ថ្ងៃ ដូចឆ្នាំមុន ចាប់រាបពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថា្នក់កើតឡើង ៤៥ករណី ខណៈឆ្នាំ២០២៤ ​កើតឡើង ៤៧ករណី គឺកើនឡើងតែ ២ករណី ​ខណៈអ្នកស្លាប់ កើនឡើងតែ​ម្នាក់ រីឯអ្នករបួសបានថយចុះគួឱ្យកត់សម្គាល់។​

​ទោះយ៉ាងណា ​លោក ទូច សុខៈ បញ្ជាក់ថា ​ស្ថានភាពចរណ៍អំឡុងពេលបុណ្យចូលឆ្នាំនេះ ​អាចគ្រប់គ្រងបាន ខណៈពល​រដ្ឋ​ក៏មានការយល់ដឹងកាន់តែល្អប្រសើរក្នុងការបើកបរ និងយោគយល់អធ្យាស្រ័យគ្នា មានការប្រុងប្រយ័ត្នក្នុងការបើកបរជាដើម៕

អត្ថបទ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.