ស្វាយរៀង ៖ បុរសម្នាក់ក្រោយពីផឹកសុីស្រវឹង មិនដឹងថាតូចចិត្ត វិប្បត្តិរឿងអ្វី ដើរបាត់ពីផ្ទះអស់មួយយប់ ព្រឹកឡើងក្រុមគ្រួសារតាមស្វែងរក ប្រទះឃើញចងកសម្លាប់ខ្លួនលើចុងឈើ ជាប់ចំណាត់ថ្នាក់ស្លាប់លំដាប់ខ្ពស់ លំបាកដល់អ្នកដាក់ទម្លាក់ចុះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិចំបក់ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បុរសខាងលើមានឈ្មោះ ឈឿយ ឈួ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករនៅប្រទេសថៃ មានស្រុកកំណើតនៅទល់ដែនខ្មែរថៃ ខេត្តឧត្តរមានជ័យ មានប្រពន្ធឈ្មោះ សុខ ស្រីល័ក្ខ អាយុ២៨ឆ្នាំ មុខរបរកម្មករ ដូចគ្នា មានទីលំនៅនៅភូមិឃុំកើតហេតុ ខាងលើ មិនទាន់មានកូន ។

តាមប្រភពបានឱ្យដឹងថា បុរសខាងលើ បានគ្នាជាប្តីប្រពន្ធ នៅឯប្រទេសថៃ មិនបានរៀបការជាធំដុំមែន តែបានត្រឹមសែនព្រេន ទទួលស្គាល់ពីមេបា ចាស់ទុំសងខាង ក្លាយជាប្តីប្រពន្ធ ។

ប្រភពបន្តទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងនេះ បុរសខាងលើ និងប្រពន្ធបាននាំគ្នា ទៅលេងស្រុកកំណើត ក្នុងភូមិឃុំខាងលើ ហើយមុនកើតហេតុ នៅព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខណៈដែលកំពុងជួបជុំផឹកសុី បងប្អូន អ្នកស្រុកភូមិសុខៗ ស្រាប់តែជនរងគ្រោះងើបដើរចេញទៅបាត់ ទាំងមិនមានពាក់អាវ ដោយមិនចាប់អារម្មណ៍ ស្មានតែដើរលេងក្នុងភូមិ បាត់អស់មួយយប់ លុះដល់ព្រឹកឡើងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ក្រុមគ្រួសារដើរតាមស្វែងរក ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួនលើចុងឈើ នៅដីទួលកណ្តាលភូមិទៅវិញ កម្ពស់ជិត១០ម៉ែត្រ ។

ក្រោយពីកើតមានរឿងបែបនេះ រាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យ ជាក់ស្តែង អ្នកភូមិដាក់ទម្លាក់សាកសពចុះ សមត្ថកិច្ចធ្វើការពិនិត្យកោសល្យវិច័យរួច ពិតជាសម្លាប់ខ្លួន ដោយចងក រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.