កំពង់ចាម៖ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តថ្ងៃទី៤ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១.៩១៨.០៧៣នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១.៩១២.៧២២នាក់ និងភ្ញៀវបរទេស មានចំនួន ១៥៨នាក់ ។ នេះបើតាម របាយការណ៍គូសបញ្ជាក់ របស់ លោក ស៊ាន សុន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម។


 លោកប្រធានមន្ទីរទេសចរណ៍ ខេត្តបានបញ្ជាក់បន្ថែមយ៉ាងពិស្ដារដែរថា ចំនួនភ្ញៀវទាំងនោះ គឺបានមកកាន់ខេត្តកំពង់ចាម នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ដែលក្នុងនោះ ៖ រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១៣.៧៧៥នាក់ ។ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១.១២០នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ២.៩៦៤នាក់ ។ រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ១០០នាក់ ភ្ញៀវបរទេសចំនួន ១៦នាក់ ។ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ៥៦០នាក់ ។ រមណីយដ្ឋានប្រាសាទនគរបាជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ៤២០នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិ មានចំនួន ២១៦នាក់ ។

មណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិ មានចំនួន ៧.០៣៤នាក់ ។ អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិ មានចំនួន ១៨០នាក់ ។ ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិ មានចំនួន ៧៦៣.១០៥នាក់ ភ្ញៀវបរទេស មានចំនួន ២៨នាក់ ។ ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រី របស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ  មានចំនួន ២០.៧៥៩នាក់ ។ ភ្ញៀវមកលេងកំសាន្តទីលានមុខសាលាខេត្តកំពង់ចាម មានចំនួន ១.១០២.៣៩៩នាក់ ។ ចំពោះ ភ្ញៀវមកស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ៥.៣១៥នាក់ និងភ្ញៀវបរទេស មានចំនួន ៥៥នាក់ ។

លោកប្រធានបានបញ្ជាក់ទៀតថា ដោយឡែក ជុំវិញបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃសង្ក្រាន្តទី៤ នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាឆ្នាំនេះវិញ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ពោលគឺ គឺអាស្រ័យដោយ ការរៀបចំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងបានដាក់កម្លាំងយាមកាម នៅតាមមូលដ្ឋាន យ៉ាងហ្មត់ចត់ ធ្វើយ៉ាងណា បង្កលក្ខណៈសប្បាយរីករាយ ដល់ប្រជាពលរដ្ឋទូទៅមកលេងកំសាន្ត នៅគ្រប់ទីកន្លែង ៕

អត្ថបទ៖ សាន វីឡែម

Share.