ត្បូងឃ្មុំ ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៨ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ២ករណីផ្សេងគ្នា ខូចខាតខ្ទេចគ្មានសល់ អស់ទាំងទ្រព្យសម្បត្តិ ដោយសារទុស្សេខ្សែភ្លើង នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ករណីទី១ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋអស់ចំនួន២ខ្នងជាប់គ្នា ដោយសារទុស្សេខ្សែភ្លើង ខណៈដែលម្ចាស់ចាក់សោទុកចោល រវល់តែចាកចេញទៅលេងផ្ទះបងប្អូន ។ ចំណែកករណីទី២ កើតឡើងកាលពីវេលាម៉ោង១២យប់ ថ្ងៃទី១៦ ជិតឆ្លងចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ កើតមានគ្រោះអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងជាប់ៗគ្នា រាលដាលពីមួយទៅមួយ ដោយសារទុស្សេខ្សែភ្លើង ស្ថិតក្នុងភូមិ១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

គ្រោះអគ្គិភ័យទាំង២ករណីក្នុងស្រុកក្រូចឆ្មារខាងលើ បណ្តាលឱ្យខូចខាតផ្ទះសរុបចំនួន៨ខ្នង ទ្រព្យសម្បត្តិ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.