ឌូបៃ៖ អាជ្ញាធរ និងសហគមន៍ទូទាំងប្រទេសអារ៉ាប់រួម កំពុងបោសសម្អាតកម្ទេចកម្ទីនៅថ្ងៃពុធ សប្ដាហ៍នេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុកបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបណ្តាលឱ្យខូចខាតផ្ទះសម្បែង និងអគារអាជីវកម្មមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤។

ទោះបីជាភ្លៀងធ្លាក់ខ្លាំងបានថមថយកាលពីល្ងាចថ្ងៃអង្គារ ក៏ដោយ ប៉ុន្តែការរំខានកំពុងបន្តនៅថ្ងៃពុធ ដោយក្រុមហ៊ុនអាកាសចរណ៍ Emirates បានផ្អាកការឆែកឆេរសម្រាប់អ្នកដំណើរដែលចាកចេញពីអាកាសយានដ្ឋានឌូបៃ រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃដដែល។

អាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក បាននិយាយថា ខ្លួនកំពុងប្រឈមមុខនឹងការរំខានយ៉ាងខ្លាំង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានពន្យារពេល ឬបង្វែរជើងហោះហើរ និងបានប៉ះពាល់ដល់បុគ្គលិកជើងហោះហើររបស់យើង។ អ្នកដំណើរដែលចាកចេញពីទីក្រុងឌូបៃ ត្រូវបានគេណែនាំមិនឱ្យធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន និងពិនិត្យមើលស្ថានភាពហោះហើររបស់ពួកគេជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ។

ទាក់ទិននឹងបញ្ហានេះ អាកាសយានដ្ឋានបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថា «យើងកំពុងខិតខំប្រឹងប្រែង ដើម្បីស្តារប្រតិបត្តិការឱ្យបានលឿនតាមដែលអាចធ្វើទៅបានក្នុងស្ថានភាពលំបាកខ្លាំងបែបនេះ»។ បើតាមគេហទំព័រអាកាសយានដ្ឋានឌូបៃ បានបង្ហាញពីការពន្យារពេលជាច្រើនម៉ោងសម្រាប់ជើងហោះហើរមកដល់ និងចេញដំណើរមួយចំនួន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសចំណាស់ជនជាតិ Emirati ក្នុងវ័យ ៧០ឆ្នាំម្នាក់ បានស្លាប់កាលពីព្រឹកថ្ងៃអង្គារ នៅពេលដែលរថយន្តរបស់គាត់ត្រូវបានជាប់នៅក្នុងទឹកជំនន់ភ្លាមៗ នៅទីក្រុង Ras Al Khaimah emirate ភាគខាងជើងរបស់ប្រទេសអារ៉ាប់រួម។

ដោយឡែកនៅក្នុងប្រទេសអូម៉ង់ នៅក្បែរខាងទីក្រុងឌូបៃ បានរាយការណ៍ថា មនុស្សចំនួន ១៩នាក់បានស្លាប់ រួមទាំងកុមារសិស្សសាលា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៣ថ្ងៃជាប់ៗគ្នា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Omani។

កាសែត The Times of Oman បានរាយការណ៍ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃពុធ។ នៅទីក្រុងឌូបៃ មេឃស្រឡះ ប៉ុន្តែនៅតំបន់ខ្លះផ្លូវមានភាពស្ងប់ស្ងាត់ បន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាឱ្យបុគ្គលិក និងសាលារៀនទាំងអស់ធ្វើការពីចម្ងាយរយៈពេល ២ថ្ងៃជាប់ៗគ្នា។

ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់រួម និងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការខូចខាតយ៉ាងសំខាន់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់មួយចំនួននៃប្រទេស រួមទាំងផ្លូវដួលរលំ និងផ្ទះដែលជន់លិចដោយទឹក។

ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​អង្គារ ​បាន​បង្ហាញ​ផ្លូវ​លិច​ទឹក​និង​ចំណត​រថយន្ត​ដោយ​មាន​រថយន្ត​ខ្លះ​បាន​លិច​ទឹក​ទាំង​ស្រុង។ ផ្លូវ Sheikh Zayed ដែលជាផ្លូវហាយវេ ១២ផ្លូវឆ្លងកាត់ទីក្រុងឌូបៃ ត្រូវបានជន់លិចដោយផ្នែក ដែលធ្វើឱ្យមនុស្សជាច្រើនជាប់គាំងក្នុងការកកស្ទះចរាចរណ៍ប្រវែងរាប់សិបគីឡូម៉ែត្រអស់រយៈពេលជាច្រើនម៉ោង។

យ៉ាងណាក៏ដោយ ទាំងប្រទេសអូម៉ង់ និង UAE ដែលជាម្ចាស់ផ្ទះកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 កាលពីឆ្នាំមុន បានព្រមានថាការឡើងកំដៅផែនដីទំនងជានឹងនាំឱ្យមានទឹកជំនន់កាន់តែច្រើន។

យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិបានឱ្យដឹងថា អេមីរ៉ាតអារ៉ាប់រួមបានជួបប្រទះនូវភ្លៀងធ្លាក់ក្នុងកម្រិត ២៥៤មីលីម៉ែត្រនៅទីក្រុង Al Ain កាលពីថ្ងៃអង្គារ ក្នុងរយៈពេលតិចជាង ២៤ម៉ោង។ នោះគឺជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ១៩៤៩ មុនពេលប្រទេសនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១៕

ប្រភព៖ CNA

Share.