ឯកអគ្គរាជទូតមិកាមិ‍ ឯក​អគ្គរាជ​របស់​ជប៉ុន ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៤​ខែ​សីហា ឆ្នាំ​២០២១ នេះ​បាន​ជូនពរ​ដល់កីឡាករ វ៉ាន វ៉ុន ទៅ​ប្រកួត​​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក​រដូវកាល​​ក្ដៅ​ឆ្នាំ​២០២០ (2020 Summer Paralympics) នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

នៅ​លើ​ហ្វេសប៊ុក​របស់​ស្ថានទូត​ជប៉ុន បញ្ជាក់​ថា​៖«បន្ទាប់ពីការប្រកួត​កីឡា​អូឡាំពិក​តូក្យូ​២០២០ បាន​បញ្ចប់នៅថ្ងៃទី៨ ខែសីហា មក ការ​ប្រកួត​កីឡា​ប៉ារ៉ាឡាំពិក​តូក្យូ២០២០ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​២៤ ​ខែ​សីហា។ ពី​ប្រទេស​កម្ពុជា លោក វ៉ាន វ៉ុន ជាកីឡាករប្រណាំងរទេះ​ នឹង​ចូលរួម​ការ​ប្រកួត​នេះ។ គាត់​ត្រូវ​បានហ្វឹកហាត់ជាច្រើនឆ្នាំក្រោមការគាំទ្រពីអង្គការ Hearts of Gold ជា​អង្គកា​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​មួយ ដែល​បាន​ចូលរួម​ជាយូរ​មក​ហើយ​ក្នុង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តាម​រយៈ​កីឡា និង​ការ​អប់រំ​នៅ​កម្ពុជា។

ឯកអគ្គរាជ​បន្ថែម​ថា៖«ខ្ញុំ​រីករាយ​ដែល​បាន​ឃើញ​អត្តពលិក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ជប៉ុន នឹង​ធ្វើ​ជា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០។ ខ្ញុំសូម​ជូនពរ​ឱ្យ​គាត់​សម្រេច​បាន​ជោគជ័យ ហើយខ្ញុំក៏សង្ឃឹមថា គាត់នឹងផ្តល់ការលើកទឹកចិត្ត និង​ក្តី​សង្ឃឹម​ដល់​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រជាជន​ទូទាំង​ពិភព​លោក​ផង​ដែរ»។

អត្ថបទពាក់ព័ន្ធ៖ប្រតិភូ​និង​អត្តពលិក​កម្ពុជា ធ្វើ​ដំណើរ​ដល់​ជប៉ុន​ហើយ ​ត្រៀម​ប្រកួត​កីឡា​ប៉ារ៉ាឡាំពិក

«គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា ការប្រកួតប៉ារ៉ាឡាំពិករដូវក្តៅ គឺជា​ការ​ប្រកួតប្រជែង​លំដាប់​ថ្នាក់​ពិភពលោក​របស់​អត្តពលិកជនពិការ។ វាត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​រៀង​រាល់​៤​ឆ្នាំ​ម្តង​នៅ​ទីក្រុង​ដដែល​ដូច​នឹង​កីឡា​អូឡាំពិក។ ខ្ញុំ​ជឿជាក់​ថា យើង​មិន​ត្រឹម​តែ​រំភើប​ចិត្ត​ដោយ​ការ​ប្រកួត​ប្រជែង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​ក៏​បាន​រៀនសូត្រ​ជា​ច្រើន ឧទាហរណ៍ដូចជា ភាព​សម្បូរ​បែប​នៃ​គុណ​តម្លៃ​នៅ​ក្នុង​សង្គម​របស់​យើង និងសារៈសំខាន់នៃការបន្តការព្យាយាម។ សូមគាំទ្រអត្តពលិកប៉ារ៉ាឡាំពិកទាំងអស់គ្នា»។

សូម​បញ្ជាក់​ថា​នេះ​ជា​លើក​ទី​​៦​ហើយ ដែល​កម្ពុជា បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក ដោយ​ក្នុង​នោះ​មាន​ឆ្នាំ​២០០០,​២០០៤,​២០០៨,​២០១២,​២០១៦​និង​២០២០ នេះ។ កីឡា 2020 Summer Paralympics បើក​ឱ្យ​ប្រកួត​ចំនួន​២២​កីឡា មាន​៥៤០​​វិញ្ញាសា​ ដោយ​ចាប់​ផ្ដើមប្រកួត​ពី​ថ្ងៃ​ទី​២៤ សីហា ដល់​៥ កញ្ញា ឆ្នាំ​២០២១ នៅ​ប្រទេស​ជប៉ុន ដោយ​រំពឹង​ថា​នឹង​មាន​អត្តពលិក​ចូលរួម​ប្រកួត​​ប្រមាណ​ជាង​៤ពាន់៕

Telegram-Troryorng
Share.