ដើម្បី​ធានា​ឱ្យបាននូវសន្តិសុខ សុវត្ថិភាព និង​ការពារអាយុជីវិតភ្ញៀវ ទ្រព្យសម្បត្តិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គមពី​គ្រោះអគ្គិភ័យ នៅ​​តាម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ (ក្លឹប​កម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្តតែក និងបៀរហ្គាឌិន) ជា​ពិសេសដើម្បី​ចូលរួម​អនុវត្តសារាចរលេខ០២ សរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ របស់​រាជរដ្ឋាភិបាល ស្តីពី​វិធានការ​អប់រំ បង្ការ និង​ពន្លត់អគ្គិភ័យ នៅ​តាម​សហគ្រាស គ្រឹះស្ថាន ក្នុង​វិស័យ​កម្មន្តសាល និង​ឧស្សាហកម្ម​ទេសចរណ៍ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវ​សហការជា​មួយស្ថាប័នពាក់ព័ន្ធពិនិត្យមើលនៅ​​តាម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យនានានៅទូទាំងប្រទេស។

យោងតាមសារាចរណែនាំរបស់​ក្រសួង​ទេសចរណ៍នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២៤នេះ  ក្រសួងបានដាក់ចេញការណែ​នាំ​ ៣​ ចំណុច​​រួម​មាន៖

១. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវ​សហការជា​មួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាព ជំនាញ​ផ្នែក​បច្ចេកទេស​ប្រព័ន្ធបង្ការ និង​ពន្លត់អគ្គិភ័យ ដើម្បី​ផ្សព្វផ្សាយ​​អំពីវិធានការបង្ការ និងទប់ស្កាត់អគ្គិភ័យ នៅ​តាមមណ្ឌល​កម្សាន្តទេសចរណ៍​មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន)

២. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវផ្តល់​យោបល់ជូន​រដ្ឋបាលរាជធានី ខេត្ត ដោយមិនត្រូវផ្តល់អាជ្ញា- បណ្ណ​ទេសចរណ៍​ឱ្យអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិនទាំងឡាយណា ដែលគ្មាន ច្រក​សុវត្ថិភាព បំពាក់​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ ប្រព័ន្ធផ្តល់​សញ្ញា​ប្រកាសអាសន្ន​ឱ្យភ្ញៀវបានដឹងពេលមាន អគ្គិភ័យ​ឆាបឆេះ

៣. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវណែ​នាំ​ឱ្យម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍ មនុស្ស​ពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន) ត្រូវ​យកចិត្តទុកដាក់ និងទប់ស្កាត់ គ្រោះ​អគ្គិភ័យ ដោយត្រូវរៀបចំឱ្យមាន ច្រក​សុវត្ថិភាព ស្លាកសញ្ញា​បង្ហាញច្រកសុវត្ថិភាព ប្រព័ន្ធបង្ការ និង​ពន្លត់អគ្គិភ័យ បំពង់ពន្លត់ អគ្គិភ័យ​នៅគ្រប់ទីកន្លែង តាមជាន់ និងតាមបន្ទប់នីមួយៗ នៅក្នុង​បរិវេណ​អាជីវកម្មមណ្ឌល​កម្សាន្ត ទេសចរណ៍​មនុស្សពេញវ័យ បំពាក់​ប្រព័ន្ធ​ជូនដំណឹង​កាត់ផ្តាច់​ចរន្តអគ្គិសនី​ដោយស្វ័យប្រវត្តិ ក្នុង​ករណីមានអគ្គិភ័យកើតឡើង ជាយថាហេតុ៕

Share.