ឯកឧត្ដម តុប សុភ័ក អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ ពន្យល់​បន្ថែម​លើ​របាយការណ៍​ចំនួន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រយៈ​ពេល​៤​ថ្ងៃ​កន្លង​ទៅ​មាន​ចំនួន​ជាង ២១លាន ៧សែន​នាក់ គឺ​ជា​តួ​លេខ​មិន​សុក្រឹត​១០០​ភាគរយ​នោះ​ទេ វា​ជា​ការ​ប៉ាន់​ប្រមាណ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាស់លាស់ ដូច​ជា​ទិន្នន័យ​ដែល​បាន​ពី​ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ទីតាំង​ទេសចរណ៍ កន្លែង​ទុក ឬ​ផ្ញើ​យានយន្ត​ជា​ដើម​។

អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា ចំនួន​មនុស្ស​ប្រមាណ​ជាង ២១លាន ៧សែន​នាក់​នេះ មិន​មែន​សុទ្ធតែ​ទេសចរ​ទាំងអស់​នោះ​ទេ ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ផង​ដែរ​នូវ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ដើរ​លេង​កម្សាន្ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​មិន​ស្នាក់​នៅ​បាន​មួយ​យប់​។ និយាយ​ជា​សាមញ្ញ​ថា ដើរ​កម្សាន្ត​វិល​ល្ងាច ហើយ​គេ​ហៅ​ក្រុម​អ្នក​ដំណើរ​ប្រភេទ​នេះ​ថា អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​។ ចំណែក​ឯ​ទេសចរ គឺ​សំដៅ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​កម្សាន្ត ធ្វើ​ទស្សនកិច្ច ឬ​ធ្វើដំណើរ​ទៅ​កន្លែង​ណា​មួយ​ក្នុង​គោល​បំណង​ផ្សេង​ទៀត ដោយ​បាន​ស្នាក់​នៅ​ចាប់​ពី​មួយ​យប់​ឡើង​ទៅ ទើប​ហៅ​ថា ភ្ញៀវ​ទេសចរ ឬ​ទេសចរ​។

ឯកឧត្ដម​ពន្យល់​បន្ថែម​ថា នៅ​ក្នុង​ការ​រាប់​ចំនួន​អ្នក​ដំណើរ​កម្សាន្ត និង​ភ្ញៀវ​ទេសចរ គេ​រាប់​ចំនួន​ដង នៃ​មនុស្ស​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​មក​គោលដៅ​ណា​មួយ (​ឧ. រមណីយដ្ឋាន​ណា​មួយ​)។ ប្រសិនបើ​មនុស្ស​៥​នាក់ ធ្វើ​ដំណើរ​ទៅ​កាន់​គោល​ដៅ​៥​កន្លែង ដូច្នេះ​គេ​នឹង​រាប់​ថា ២៥នាក់ បែប​នេះ​ហើយ មនុស្ស​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​កាន់​តែ​ច្រើន ចំនួន​អ្នក​ធ្វើ​ដំណើរ ឬ​ទេសចរ​ក៏​ច្រើន​ដែរ​។

មូលហេតុ​ដែល​គេ​គិត​ចំនួន​អ្នក​ដំណើរ ឬ​ទេសចរ​ជា​ចំនួន​ដង ដោយសារ​កាលណា​ពួក​គាត់​ធ្វើ​ដំណើរ​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ​ទៀត គឺ​ត្រូវ​ចំណាយ​ជា​មូលដ្ឋាន​រួម​មាន ថ្លៃ​ធ្វើ​ដំណើរ ថ្លៃ​អាហារ​ហូបចុក ថ្លៃ​ស្នាក់​នៅ និង​ចំណាយ​ផ្សេងៗ​ទៀត ដែល​ជា​ចរន្ត​សេដ្ឋកិច្ច​។

យោង​តាម​ការ​ចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ២០២៤ ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ និង​ទេសចរ​បរទេស​ដើរ​លេង​កម្សាន្ត​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ រយៈ​ពេល​៤​ថ្ងៃ គឺ​ចាប់​ថ្ងៃ​ទី​១៣ ដល់​១៦ ខែ​មេសា ឆ្នាំ​២០២៤ មាន​ទេសចរ​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​សរុប​ប្រមាណ ២១ ៧០០ ០០០ នាក់។ ទេសចរ​បរទេស មាន​ប្រមាណ ១១០ ០០០ នាក់​។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​បាន​ដើរ​លេង​កម្សាន្ត​ក្នុង​ខេត្ត​ខាង​លើ​មាន​តែ​ប្រមាណ ៣០% ប៉ុណ្ណោះ​ដែល​បាន​ស្នាក់នៅ​លើស​ពី​មួយ​យប់​ឡើង​ទៅ៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.