ម៉ាណាដូ៖ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីបានព្យាយាមជម្លៀសមនុស្សរាប់ពាន់នាក់នៅថ្ងៃព្រហស្បតិ៍ នេះ បន្ទាប់ពីភ្នំភ្លើងមួយបានផ្ទុះឡើងចំនួន ៥ដង ដោយបង្ខំឱ្យអាជ្ញាធរបិទព្រលានយន្តហោះនៅក្បែរនោះ និងចេញការព្រមានអំពីការធ្លាក់កម្ទេចកម្ទីដែលអាចបង្កឱ្យមានរលកយក្សស៊ូណាមិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤។

រណ្ដៅភ្នំភ្លើង Ruang បានឆាបឆេះដោយកម្អែលភ្នំភ្លើងបានហូរហៀរ ហើយមានផ្លេកបន្ទោរពេញមួយយប់ បន្ទាប់ពីបានផ្ទុះឡើងចំនួន ៤ដង កាលពីថ្ងៃពុធ ដោយបង្ខំឱ្យអាជ្ញាធរបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតនៃប្រព័ន្ធប្រកាសអាសន្នកម្រិត ៤ថ្នាក់។

ភ្នំភ្លើងនៅតំបន់ខាងក្រៅបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី នៅតែបញ្ចេញផ្សែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យអាជ្ញាធរបិទអាកាសយានដ្ឋានអន្តរជាតិដែលនៅជិតបំផុតក្នុងទីក្រុង Manado លើកោះ Sulawesi រយៈពេល ២៤ម៉ោង។

អាជ្ញាធរបាននិយាយថា ពួកគេកំពុងប្រញាប់ប្រញាល់ជម្លៀសអ្នកស្រុកចំនួន ១១,០០០នាក់ពីតំបន់ក្បែរនោះ ដែលរាប់បញ្ចូលទាំងកោះដាច់ស្រយាលនៃ Tagulandang ដែលមានប្រជាជនរស់នៅប្រហែល ២០,០០០នាក់។ ​បើ​តាម​មន្ត្រីក្នុងតំបន់​បាន​ឲ្យ​ដឹង​ថា អ្នក​ស្រុក​មួយ​ចំនួន​បាន​ព្យាយាម​រត់​គេច​ខ្លួន​រួច​ទៅ​ហើយ ​ដោយសារការ​ភ័យ​ស្លន់ស្លោ។

លោក Jandry Paendong មន្ត្រីមកពីទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កាលពីយប់មិញ មនុស្សមួយចំនួនបានជម្លៀសដោយខ្លួនឯង ប៉ុន្តែគ្មានទិសដៅដោយសារតែការផ្ទុះភ្នំភ្លើង និងកម្ទេចថ្មតូចៗដែលបានធ្លាក់ចុះ»។ លោកបន្ថែមថា ក្រុមជួយសង្រ្គោះប្រមាណជា ២០នាក់កំពុងជួយជម្លៀសអ្នកស្រុកនៅតាមឆ្នេរសមុទ្រក្បែរភ្នំភ្លើង។

យ៉ាងណាម៉ិញ លោក Jandry បានអំពាវនាវឱ្យមានទូក និងឧបករណ៍បន្ថែមទៀត ដូច្នេះក្រុមរបស់លោក អាចបង្កើនការជម្លៀសប្រជាជននៅតាមឆ្នេរសមុទ្រ ឬនៅជិតឆ្នេរសមុទ្រ ដែលប្រឈមមុខនឹងភ្នំភ្លើងបានកាន់តែច្រើន។

ទាក់ទិននឹងបញ្ហានេះ អ្នកទេសចរ និងអ្នកស្រុកនៅក្បែរតំបន់រងគ្រោះ ត្រូវបានព្រមានឱ្យនៅក្រៅតំបន់ហាមឃាត់ចម្ងាយ ៦គីឡូម៉ែត្រ។

សូមជម្រាបថា រហូតមកដល់ពេលនេះ មនុស្សជាង៨០០នាក់ ត្រូវបានបញ្ជូនទៅកាន់ទីសុវត្ថិភាពពីតំបន់ភ្នំុភ្លើង Ruang ទៅកាន់កោះ Tagulandang ក្បែរនោះបន្ទាប់ពីការផ្ទុះលើកដំបូងកាលពីល្ងាចថ្ងៃអង្គារ មុនពេលមានការផ្ទុះចំនួន ៤ដងបន្ថែមទៀតនៅថ្ងៃពុធ សប្ដាហ៍នេះ៕

ប្រភព៖ CNA

Share.