មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​ផ្ដល់​យោបល់​ជូន​រដ្ឋបាល​រាជធានី ខេត្ត ដោយ​មិន​ត្រូវ​ផ្ដល់​អាជ្ញាប័ណ្ណ​ទេសចរណ៍​ឱ្យ​អាជីវកម្ម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និង​បៀរហ្គាឌិន​ទាំងឡាយ​ណា ដែល​គ្មាន ច្រក​សុវត្ថិភាព បំពាក់​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ ប្រព័ន្ធ​ផ្ដល់​សញ្ញា​ប្រកាស​អាសន្ន​ឱ្យ​ភ្ញៀវ​បាន​ដឹង​ពេល​មាន អគ្គិភ័យ​ឆាបឆេះ​។ នេះ​ជា​ខ្លឹមសារ​នៃ​សារាចរ​ណែនាំ ស្ដីពី ការ​គ្រប់គ្រង​ប្រព័ន្ធ​អគ្គិភ័យ​នៅ​តាម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញ​វ័យ (​ក្លឹប​កម្សាន្ត ខារ៉ាអូខេ រង្គសាល​-​ឌីស្កូតែក និង​បៀរហ្គាឌិន​) របស់​ក្រសួង​ទេសចរណ៍ ដែល​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ២០២៤។

តាម​រយៈ​សារាចរ​នេះ​ក្រសួង​ក៏​បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​សហការ​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អង្គភាព ជំនាញ​ផ្នែក​បច្ចេកទេស​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ ដើម្បី​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​អគ្គិភ័យ នៅ​តាម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញវ័យ (​ក្លឹប​កម្សាន្ត ខារ៉ាអូខេ រង្គសាល​-​ឌីស្កូតែក និង​បៀរហ្គាឌិន​)​។

មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​ណែនាំ​ឱ្យ​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍ មនុស្ស​ពេញវ័យ (​ក្លឹប​កម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និង​បៀរហ្គាឌិន) ត្រូវ​យក​ចិត្ត​ទុកដាក់ និង​ទប់ស្កាត់ គ្រោះ​អគ្គិភ័យ ដោយ​ត្រូវ​រៀបចំ​ឱ្យ​មាន​៖

– ច្រក​សុវត្ថិភាព ស្លាក​សញ្ញា​បង្ហាញ​ច្រក​សុវត្ថិភាព ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ បំពង់​ពន្លត់ អគ្គិភ័យ​នៅ​គ្រប់​ទីកន្លែង តាម​ជាន់ និង​តាម​បន្ទប់​នីមួយៗ នៅ​ក្នុង​បរិវេណ​អាជីវកម្ម​មណ្ឌល​កម្សាន្ត ទេសចរណ៍​មនុស្ស​ពេញវ័យ

– បំពាក់​ប្រព័ន្ធ​ជូន​ដំណឹង​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី​ដោយ​ស្វ័យប្រវត្តិ ក្នុង​ករណី​មាន​អគ្គិភ័យ​កើត​ឡើង​ជា​យថាហេតុ​។

រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ប្រតិបត្តិករ ទេសចរណ៍ និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ទេសចរណ៍ ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​ខាង​លើ​ឱ្យ​មាន​ប្រសិទ្ធភាព​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថ​លេខា​នេះ​តទៅ​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​ការពារ​អាយុ​ជីវិត​ភ្ញៀវ ទ្រព្យសម្បត្តិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ពី​គ្រោះ​អគ្គិភ័យ នៅ​តាម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញវ័យ (​ក្លឹប​កម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និង​បៀរហ្គាឌិន​)៕

Share.