វ៉ាស៊ីនតោន៖ សារព័ត៌មាន ABC News បានរាយការណ៍កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមួយរូប ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកលើទឹកដីរបស់ប្រទេសអ៊ីស្រាអែល ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារលើស្ថានទូតអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែមេសា​ ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ បាននិយាយថា គេបានឮសំឡេងផ្ទុះនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Isafahan របស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែមូលហេតុមិនត្រូវបានដឹងភ្លាមៗនោះទេ។ ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ជាច្រើនមានទីតាំងនៅខេត្ត Isfahan រួមទាំង Natanz ដែលជាមជ្ឈមណ្ឌលនៃកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។

ចំណែកទូរទស្សន៍អាមេរិក CNN វិញក៏បានរាយការណ៍ដែរថា ជើងហោះហើរជាច្រើនត្រូវបង្វែរទិសដៅហោះហើរចេញពីដែនអាកាសអ៉ីរ៉ង់។

កាលពីចុងសប្តាហ៍កន្លងទៅ អ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង ក្នុងការវាយប្រហារសងសឹកមួយ បន្ទាប់ពីមានការសង្ស័យថា អ៊ីស្រាអែល បានវាយប្រហារលើបរិវេណស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ដោយសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍អ៉ីរ៉ង់២នាក់។

ការវាយប្រហារនេះមិនបានបង្កការខូចខាត ធ្ងន់នោះទេ ហើយមីស៊ីល និងដ្រូនភាគច្រើនរបស់អ៉ីរ៉ង់ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងអ៉ីស្រាអែលដោយមានការជួយពីសហរដ្ឋអាមេរិក និងដៃគូក្នុងតំបន់។

ទាក់ទិននឹងបញ្ហានេះ អ៊ីរ៉ង់បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល ត្រូវតែត្រូវបានបង្ខំឱ្យបញ្ឈប់ការការប្រើប្រាស់យោធាបន្ថែមទៀតប្រឆាំងនឹងផលប្រយោជន៍របស់យើង ខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា មជ្ឈិមបូព៌ា គឺស្ថិតនៅក្នុង គ្រានៃគ្រោះថ្នាក់អតិបរមា។

យ៉ាងណាម៉ិញ ប្រទេសអ៉ីរ៉ង់ ក៏បានព្រមានដែរថា នឹងសងសឹកវិញខ្លាំងជាងនេះ ប្រសិនបើអ៉ីស្រាអែល ហ៊ានបង្ករឿង ឬបើកការវាយប្រហារណាមួយសងសឹកលើអ៉ីរ៉ង់៕

ប្រភព៖ Reuters

Share.