បន្ទាយមានជ័យ៖ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំង អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ នៅវេលាម៉ោង១៤:៣០ នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានឆ្មក់ឃាត់ទប់ស្កាត់ពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅ ធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ។

ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំបង្កាទប់ស្កាត់ផ្ទាល់ដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែ នការ ងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជា ការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំង យោធាផ្នែកសឹករង។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់មនុស្សប្រុស-ស្រី ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។ ពលរដ្ឋទាំងនេះត្រូវបានស្ទាក់ឃាត់ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ទន្ទឹមគ្នានេះ ក៏មានវត្តមានលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងស្ថាប័នពាក់ព័ន្ធ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋទាំងនោះផងដែរ។ ដោយពលរដ្ឋទាំងនោះភាគច្រើនគឺ មកពីបណ្ដាខេត្ត ដូចជាខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមាន ជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចយើងបានឱ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញរាងៗខ្លួន។ ជាមួយគ្នានោះអាជ្ញាធរពាក់ព័ន្ធក៏បានសំណូមពរឱ្យបងប្អូនដែលចង់ចំណាកស្រុក សូមឆ្លងដែនទៅដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវ ជៀសវាងចាញ់បោកមេខ្យល់ ឬមានបញ្ហាបើបន្តឆ្លងដែនខុសច្បាប់៕

អត្ថបទ៖ប៉ោយប៉ែត

Share.