យោគៈ និង​សមាធិ ដើម្បី​បង្កើន​គុណភាព​ជីវិត លើក​ទី​៤​” គឺ​ជា​កម្មវិធី​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួលគោក ក្នុង​គោល​បំណង លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សារប្រយោជន៍​នៃ យោគៈ និង​សមាធិ ចំពោះ​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត ដែល​ជា​កាតាលីករ​ចម្បង​មួយ​ក្នុង​ការ​ជំរុញ សុខុមាលភាព​ផ្លូវចិត្ត ការ​ប្រាស្រ័យ​ទាក់ទង​ល្អ ប្រសិទ្ធភាព និង​ផលិតភាព​ការងារ ក៏​ដូច​ជា​បង្កើន​នូវ​គុណភាព​រស់​នៅ​កាន់​តែ​ប្រសើរ ទៅ​ដល់​អ្នក​ចូល​រួម និង​សាធារណជន​ជា​ច្រើន​រយ​នាក់​។

ប្រធាន​គម្រោង កញ្ញា ជោត ដាលីន បាន​ឱ្យ​ដឹង​ថា កម្មវិធី “​យោគៈ និង​សមាធិ ដើម្បី​បង្កើន​គុណភាព​ជីវិត លើកទី៤​” នេះ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ​ដ៏​ស៊ី​ជម្រៅ​មួយ​គឺ «​តុល្យភាព ការងារ និង​ជីវិត​រស់នៅ​» ដោយ​ផ្ដោត​សំខាន់​ទៅ​លើ ការ​ថែរក្សា​សុខភាព​ផ្លូវ​ចិត្ត ជា​ពិសេស​ក្នុង​អំឡុង​វិបត្តិ​សេដ្ឋកិច្ច​នេះ ដោយសារ​តែ​យើង​សង្កេត​ឃើញ​ថា មនុស្ស​ជា​ច្រើន​កំពុង​តែ​ចំណាយ​ពេល​វេលា​ស្ទើរ​តែ​ទាំង​អស់​របស់​ខ្លួន​ទៅ​លើ​ការងារ ដោយ​ពុំ​បាន​គិតគូរ​ពី​សុខុមាលភាព​ផ្លូវចិត្ត បណ្ដាល​ឱ្យ​ពួក​គាត់​ជួប​ប្រទះ​នូវ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​កាន់​តែ​ច្រើន​ឡើង ជា​ពិសេស​ក្នុង​ខណៈ​ពេល​ដ៏​លំបាក​នេះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ជោគជ័យ​តាម​ការ​រំពឹង​ទុក ក្រោម​ការ​និមន្ត​ចូល​រួម​ពី​សំណាក់​ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព, និង​វាគ្មិន​កិត្តិយស​លោក នឹម ឈុន្នី, អ្នកនាង យីម សុធារី និង​លោក យាន់ វណ្ណៈ ព្រមទាំង​សាធារណជន​ជិត​ឆ្ងាយ​ប្រមាណ​ជាង​២០០​នាក់​ទៀត​ផង​។

សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួលគោក ពិត​ជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្មវិធី​លើក​ទី​៤​នេះ​ នឹង​ទទួល​បាន​ការ​ចូលរួម និង​គាំទ្រ​ពី​សំណាក់​សាធារណជន​កាន់​តែ​ច្រើន​ជាង​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ទៀត ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​សារសំខាន់​នៃ​សុខុមាលភាព​ផ្លូវ​ចិត្ត ក៏​ដូច​ជា​អត្ថប្រយោជន៍​ដ៏​លើសលប់​នៃ​យោគៈ និង​សមាធិ​ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ​នៅ​ក្នុង​សង្គម​របស់​យើង​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួលគោក ក៏​ចង់​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ និង​ថ្លែង​អំណរគុណ​យ៉ាង​ក្រៃ​លែង ទៅ​ដល់​ក្រុមហ៊ុន Phnom Penh Precast Plants, Three Corner Coffee Rostar, SCPC Automation, Urban Dynamics, កាយា ទឹក​រ៉ែ​ធម្មជាតិ, Pixel Entertainment, AIA Cambodia និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​គម្រោង​នេះ​ឱ្យ​ប្រព្រឹត្តិ​ទៅ​បាន​។

ស្រប​ពេល​នេះ​ផង​ដែរ សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួលគោក ពិត​ជា​មាន​កិត្តិយស ​សូម​គោរព​អញ្ជើញ សមាជិក​សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា និង​សាធារណជន​ទាំង​អស់​ចូលរួម​កម្មវិធី “​យោគៈ និង​សមាធិ ដើម្បី​បង្កើន​គុណភាព​ជីវិត លើក​ទី​៤​” នា​ពេល​ខាង​មុខ​នេះ ដោយ​ចុះ​ឈ្មោះ​តាម​រយៈ​តំណ​ភ្ជាប់​ខាងក្រោម ​៖ https://forms.gle/q6eDkG9UK8oHWGWt9 

(​ផុត​កំណត់​ចុះឈ្មោះត្រឹមថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០២៤ /សំបុត្រ​មាន​ចំនួន​កំណត់​)​។

Share.