បទ​ បថ្យាវត្ត

ភ្លើងពណ៌ចម្រុះឆ្លុះច្បាស់ភក្ត្រា     ឃើញទាំងរុក្ខានាពេលរាត្រី

តាំងនៅសួនច្បារទើបសាងសង់ថ្មី  អមដោយតន្ត្រីពិព័រណ៍ចម្រុះ។

ទំនិញច្រើនមុខផ្គាប់ចិត្តស្រីប្រុស   ទៅដល់មិនខុសទេក្រុងព្រៃវែង

ចាក់ក្បាច់រាំងវែងក្រឡុកគ្រលែង   កក្រើកព្រៃវែងថ្ងៃចូលឆ្នាំខ្មែរ។

ថ្ងៃក្តៅបន្តិចក៏មិនអន់ដែរ       ក្មេងចាស់លម្ហែដោយស្នាមញញឹម

មានបទកន្ត្រាក់ញាក់ទាំងកន្ទ្រឹម    រហើយរហឹមទីត្រជាក់ចិត្ត។

មន្ត្រីប្រជាកៀកគ្នាស្នាលស្និទ្ធ        លេងល្បែងរួមចិត្តប្រជាប្រិយខ្មែរ

ទាញព្រ័ត្រវាយក្អមចោលឈូងផ្សងស្នេហ៍       គោដៅរួមថែដំណែលដូនតា។

ចូលឆ្នាំព្រៃវែងមានអន់ឯណា        ក្មេងចាស់ពោលថាសប្បាយគ្រប់គ្នា

ស្រុកសន្តិភាពយើងប្រាកដជា       សប្បាយជុំគ្នាជារៀងរាល់ឆ្នាំ៕

អត្ថបទ៖សំ នឿន

Share.