កំពង់ស្ពឺ ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ ចំណែកបុរសជាជនជាតិខ្មែរម្នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexusRX330 បើកលឿនជ្រុលទៅបុកពីក្រោយរថយន្តធុនធំដឹកទំនិញ បណ្តាលឱ្យក្រឡាប់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ៩១-៩២ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់កៀបជាប់រថយន្ត ឈ្មោះ WANG YUNGIAN ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE7926873 ស្នាក់នៅក្នុងខេត្តព្រះសីហនុ ។ ចំណែកម្នាក់ទៀតរងរបួស ឈ្មោះ អ៊ុក សុខេមរា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្ដៀង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអ្នកបើកបររថយន្ត Lexus RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AQ-6610 ។ ចំណែកភាគីខាងរថយន្ត ដឹកទំនិញ ម៉ាកហុីណូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-3606 សណ្តោងរឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1418 អ្នកបើកបរឈ្មោះ អុិន ថេម ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តLexus បើកពីលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ) ល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញ ស្របទិស បណ្តាលឱ្យក្រឡាប់ស្លាប់ជនជាតិចិនម្នាក់កៀបជាប់ក្នុងរថយន្ត ម្នាក់ទៀតរងរបួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ក្រុមហ៊ុនផ្លូវល្បឿនលឿន បញ្ជូនជនរងគ្រោះម្នាក់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសពជនរងគ្រោះជាជនជាតិចិន ដឹកយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ រងចាំប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកភ្នំស្រួច កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.