ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះលេខ៣៣ ផ្លូវបេតុងលេខ៣៦ បុរីពិភពថ្មី ឈូកវ៉ា២ ក្នុងភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្ត្រីម្នាក់ត្រូវបាន បុរសម្នាក់ ប្រដាប់ដោយកាំបិតចុងស្រួច ចាក់សម្លាប់ដេកដួលក្នុងថ្លុកឈាម រួចអារកខ្លួនឯងជាក្រោយ តែមិនស្លាប់ ក្រាន់តែរងរបួស ផ្អើលពលរដ្ឋអ្នកក្បែរខាង រាយការណ៍ទៅសមត្ថកិច្ច។

ស្ត្រីរងគ្រោះ មានឈ្មោះ មាស លក្ខិណា ហៅស្រីល័ក្ខ អាយុ៣៣ឆ្នាំ មានកូនប្រុស២នាក់ មានប្តីជាជនជាតិចិន រស់នៅផ្ទះកើតហេតុ ។ ចំណែកជនដៃដល់មានឈ្មោះ លឹម គីណែត អាយុ២៥ ឆ្នាំ មានទីលំនៅ ភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គឺជាពលករនៅប្រទេសថៃ ប្រើប្រាស់គ្រឿងញៀន។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា ប្តីរបស់ជនរងគ្រោះ មិនបាននៅផ្ទះទេ ជាប់រវល់ចេញទៅធ្វើការងារតាមខេត្តបាត់ នៅតែស្ត្រីរងគ្រោះនិងកូនតូច២នាក់នៅចាំផ្ទះ ហើយមុនកើតហេតុ គេឃើញជនសង្ស័យស្ពាយកាបូបដើរចូលដល់ក្នុងផ្ទះ មិនដឹងថាមានរឿងអ្វី ប្រតាយប្រតប់គ្នា ចេញមកដល់ក្រៅសំយ៉ាបខាងមុខផ្ទះ ជនសង្ស័យទាញកាំបិតចុងស្រួចចាក់ជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ផ្អើលប្រជាពលរដ្ឋ ស្រែករត់ទៅបម្រុងជួយ តែត្រូវបានជនសង្ស័យ អារកប៉ុនប៉ងសម្លាប់ខ្លួនឯង តែមិនស្លាប់ ហើយបានបញ្ជូនទៅសង្រ្កោះនៅមន្ទីរពេទ្យ ដោយុរួមដំណើរជាមួយកម្លាំងសមត្ថកិច្ចតាមទៅជាមួយផង។

ក្រោយជួយសង្រ្កោះនៅមន្ទីពេទ្យ ទើបនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះជនដៃដល់បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាពលករនៅប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ទេគឺទំនាក់ទំនងតាមរយៈឆាត(FB) ហើយខ្លួនមិនបានដឹងថាខាងនារីរងគ្រោះមានប្តីនិងកូននោះទេ ឯនាងក៏មិនបានប្រាប់ឱ្យខ្លួនដឹងថានាងមានប្ដីមានកូននោះដែរមិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឲ្យនាងជាហូរហែថែមទៀតផង។

ដោយនៅពេលថ្មីៗនេះ ទើបខ្លួនបានដឹងថានាងមានប្ដីនិងមានកូន២នាក់រួចទៅហើយ ដែលជាហេតុធ្វើឲ្យខ្លួនមានកំហឹង និងគំនុំព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួន ទើបខ្លួនបានស៊ើបអំពីផ្ទះកន្លែងរស់នៅរបស់នារីរងគ្រោះដឹងច្បាស់អស់ហើយ ក៏បានរៀបចំផែនការសម្លាប់នារីរងគ្រោះ និងសម្លាប់ខ្លួនឯងតាមក្រោយ រួចក៏ធ្វើដំណើរចាកចេញពីប្រទេសថៃដោយមានកាំបិតផង លុះដល់ស្រុកខ្មែរខ្លួនបានជួលរថយន្តតាក់ស៊ីពណ៌ក្រហម១គ្រឿងជិះទៅកាន់ផ្ទះនារីរងគ្រោះ រួចផ្លោះរបងចូលទៅធ្វើសកម្មភាពចាក់សម្លាប់នាងនិងអារកសម្លាប់ខ្លួនឯងតែម្ដ៕

អត្ថបទ៖ ទូច វីច្ឆិកា

Share.