ថ្លែង​នៅ​ក្នុង​កម្មវិធី​សម្ពោធ​អគារ​សហ​សិក្សា អគារ​ស្នាក់​នៅ អគារ​អាហារដ្ឋាន និង​បិទ​វគ្គ​បណ្ដុះបណ្ដាល និង​ហ្វឹកហ្វឺន​ឆ្នាំ​២០២៣ បន្ត​បើក​វគ្គ​សិក្សា​ឆ្នាំ​២០២៤ នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ ២០២៤ សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន​៩​ចំណុច​សំខាន់ៗ ដើម្បី​បន្ត​គាំទ្រ និង​ជំរុញ​ដល់​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា​ឲ្យ​កាន់​តែ​រឹងមាំ ខ្លាំងក្លា ប្រកប​ដោយ​ឧត្ដមគតិ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ បូរណភាព​ទឹកដី ថែ​រក្សា​ការពារ​សុខ​សន្តិភាព និង​សមិទ្ធផល​សង្គម​ជាតិ ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង និង​ពង្រឹង​នីតិរដ្ឋ និង​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​។

ទី១៖ បន្ត​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​ក្នុង​កង​យោធពលខេមរភូមិន្ទ ចាប់​តាំង​ពី​ស្ថាប័ន​ថ្នាក់​ដឹក​នាំ​បញ្ជា រហូត​ដល់​កង​ឯកភាព​ឲ្យ​បាន​សម្រេច​ប្រកប​ដោយ​តម្លាភាព គណនី​ភាព និង​ស្មារតី​សាមគ្គីភាព ទទួល​ខុសត្រូវ​បំផុត​។

ទី២៖ វិស័យ​កសាង ពង្រឹង​ខឿន​ការពារ​ជាតិ កង​យោធពល​ខេមរភូមិន្ទ​ត្រូវ​តែ​ជា​កង​កម្លាំង​ដែល​មាន​ថាមពល​ខ្លាំងក្លា សមត្ថភាព​ពេញលេញ មាន​ឆន្ទៈ​មោះមុត មនសិការ និង​វិន័យ​ល្អ ការពារ​បាន​រឹងមាំ​នូវ​ឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម គ្រប់​កាលៈទេសៈ សំដៅ​ធ្វើ​ឲ្យ​បរាជ័យ​រាល់​ឧបាយកល និង​សកម្មភាព​ដែល​បង្ក​មហន្តរាយ​ដល់​ប្រទេសជាតិ​។ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព ហើយ​សកម្ម​ក្នុង​ការ​ទប់ស្កាត់​រាល់​បទល្មើស​បាន​ទាន់​ពេល​វេលា​។

ទី៣៖ ត្រូវ​កែទម្រង់​រចនាសម្ព័ន្ធ​ចាត់តាំង កង​ឯកភាព​ត្រូវ​អនុវត្ត​តាម​គោលការណ៍​វិសមិត​មុខងារ​តួនាទី ភារកិច្ច របស់​ស្ថាប័ន​កង​ឯកភាព ដើម្បី​លុបបំបាត់​ភាព​ត្រួត​គ្នា​ឲ្យ​បាន​សម្រេច​តាម​ដំណាក់កាល​នីមួយៗ យ៉ាង​ម៉ឺងម៉ាត់​ហ្មត់ចត់​។ រីឯ​ចំនួន​កងទ័ព​តាម​ស្ថាប័ន​បញ្ជាការ ស្ថាប័ន​កង​ឯកភាព​នានា ត្រូវ​ស្ថិត​នៅ​ក្នុង​កម្រិត​សមស្រប​។ ជា​មួយ​គ្នា​នេះ សមាមាត្រ​រវាង​នាយទាហាន និង​ពលទាហាន​ត្រូវ​ឲ្យ​មាន​ភាព​សមស្រប ហើយ​ជា​ពិសេស ខិតខំ​លុបបំបាត់​ឲ្យ​បាន​ជា​ជំហានៗ នូវ​ស្ថានភាព​ចំនួន​ទ័ព​លើស តែ​ខ្វះ ទ័ព​ខ្វះ តែ​លើស ដោយ​ក្នុង​នោះ​៖

ត្រូវ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ហ្មត់ចត់​អំពី​ច្បាប់​កាតព្វកិច្ច​យោធា និង​ឯកសារ​គតិយុត្តិ​ពាក់ព័ន្ធ ដែល​មាន​រួច​មក​ហើយ ពិចារណា​កែ​សម្រួល បំពេញ​បន្ថែម​ឲ្យ​បាន​ពេញលេញ ដើម្បី​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម និង​កសាង​បន្ថែម​នូវ​ឯកសារ​គតិយុត្តិ​ពាក់ព័ន្ធ​ចាំបាច់ ឆ្ពោះ​ទៅ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​ឲ្យ​បាន​ជា​ជំហានៗ​ស្រប​តាម​សភាពការណ៍ និង​ភារកិច្ច​ការពារ​ជាតិ​នៅ​ពេលវេលា​សមស្រប​ខាង​មុខ​។

ធ្វើ​ការ​ជ្រើសរើស​តែង​តាំង និង​ដំឡើង​ឋានន្តរស័ក្តិ​នឹង​ត្រូវ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​គុណាធិបតេយ្យ ដោយ​ផ្អែក​តាម​មុខ​តំណែង និង​ច្បាប់​សហ​លក្ខន្តិកៈ​ទូទៅ សម្រាប់​យោធិន នៃ​កងយោធពលខេមរភូមិន្ទ ហើយ​ត្រូវ​តែ​ឆ្លង​កាត់​តាម​រយៈ​ការ​វាយ​តម្លៃ របស់​ក្រុមប្រឹក្សា និង​គណៈកម្មការ​វាយ​តម្លៃ​របស់​កង​ឯកភាព​តាម​ឋានានុក្រម​។

ត្រូវ​ខិតខំ​ផ្ដល់​អាទិភាព ចំពោះ​ការ​បណ្ដុះបណ្ដាល​ក្នុង​ស្រុក លើកលែង​តែ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ជាន់​ខ្ពស់ ដែល​ត្រូវ​ពឹងផ្អែក​លើក​ការ​បណ្ដុះបណ្ដាល​នៅ​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​ការ​បណ្ដុះបណ្ដាល​នាយទាហាន​ដឹកនាំ​បញ្ជា នាយទាហាន​គ្រប់គ្រង​វ័យ​ក្មេង​សម្រាប់​បន្ត​វេន​ដឹកនាំ គ្រប់គ្រង​តាម​ស្ថាប័ន​កង​ឯកភាព​។

ការ​ចាត់​បញ្ជូន​យោធិន​ឲ្យ​ចូល​រៀន​តាម​គ្រឹះស្ថាន​សិក្សា ត្រូវ​គោរព​តាម​គោលការណ៍​នៃ​ការ​ជ្រើសរើស​លក្ខណៈសម្បត្តិ​យោធិន​តាម​វគ្គ​នីមួយៗ របស់​ក្រសួង​ការពារ​ជាតិ​។

ទី៤​៖ ​ការងារ​ហ្វឹកហ្វឺន​នៅ​តាម​បណ្ដា​សាលា ការងារ​បណ្ដុះបណ្ដាល កសាង​ធនធាន​មនុស្ស ពោល​គឺ​ជា​ថ្នាល​បណ្ដុះ​ពូជ​នាយ​ទាហាន​វ័យ​ក្មេង ដែល​នឹង​ក្លាយ​ជា​នាយ​ទាហាន​ថ្នាក់​ដឹកនាំ​បញ្ជា និង​គ្រប់គ្រង​ស្ថាប័ន​កង​ឯកភាព​គ្រប់​លំដាប់ថ្នាក់​។

ត្រូវ​បន្ត​កសាង​ពង្រឹង​ជួយ​ដល់​យោធាចារ្យ ក៏​ដូច​ជា​សាលា រាល់​ឯកសារ​បង្រៀន​គ្រប់​ជំនាញ និង​គ្រប់​មុខវិជ្ជា​ឲ្យ​មាន​គុណភាព និង​សមត្ថភាព​ពេញលេញ គ្រប់​លក្ខណៈសម្បត្តិ និង​ស្របតាម​ការ​វិវឌ្ឍ​នៃ​វិស័យ​បច្ចេកវិទ្យា​យោធា​។ ចំពោះ​យោធាចារ្យ ក្រសួង​ការពារ​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព ដោយ​ធ្វើ​ការ​បំពាក់បំប៉ន​គរុកោសល្យ និង​ការ​គិតគូរ​គោលនយោបាយ​ឲ្យ​បាន​ច្បាស់លាស់ ដូច​ជា​ការ​ជំរុញ​ឲ្យ​អនុវត្ត​នូវ​គោលការណ៍​ដែល​មាន​ស្រាប់ ស្ដីពី​ប្រាក់​កម្រៃ​ម៉ោង​បង្រៀន ប្រាក់​សម្រាប់​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ទាន់​ពេល​វេលា មាន​តម្លាភាព និង​ផ្ដល់​កិត្តិយស គិតគូរ​ពី​ឋានន្តរសក្ដិ គ្រឿង​ឥស្សរិយយស បណ្ណែ​សរសើរ ព្រម​ទាំង​គិតគូរ​ជា​អាទិភាព​កសាង​យោធាចារ្យ​ថ្មី​បន្ត​វេន ដោយ​ជ្រើសរើស​ពិនិត្យ​អ្នក​ដែល​រៀន​បាន​ពិន្ទុ​ខ្ពស់ និង​យោធិន​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​គ្រប់គ្រង​កង​ឯកភាព​មក​បណ្ដុះបណ្ដាល​យោធាចារ្យ​វិល​ជុំ​។

ទន្ទឹម​នឹង​ការ​អនុវត្ត​ភារកិច្ច​ស្នូល ត្រូវ​សហការ​គ្នា​យ៉ាង​ស្អិតល្មួត ប្រែក្លាយ​សាលា​ទៅ​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​សិក្សា​ស្រាវជ្រាវ កសាង​ឯកសារ​យោធា​គ្រប់​ជំនាញ​ឲ្យ​បាន​ឯកភាព​គ្នា រួម​ទាំង​ឯកសារ​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​យោធា ឯកសារ​សេដ្ឋកិច្ច​នយោបាយ​យោធា និង​អប់រំ​ចិត្តសាស្ត្រ​។

ត្រូវ​បង្ក​លក្ខណៈ​ល្អ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​សហការ​គ្នា​ដកស្រង់​ពី​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន កសាង​ឲ្យ​បាន​នូវ​សូចនាករ​សំខាន់ៗ ចាំបាច់​នានា សម្រាប់​បម្រើការ​ក្នុង​វិស័យ​ការពារ​ជាតិ ហើយ​ផ្លាស់ប្ដូរ​ព័ត៌មាន​ចាំបាច់​ឲ្យ​គ្នា សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ និង​ដក​ពិសោធន៍ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​។

ត្រូវ​សិក្សា​ស្រាវជ្រាវ ដក​បទពិសោធន៍​សង្គ្រាម​ពី​តាម​បណ្ដា​ប្រទេស​នានា ទាំង​ពី​អតីតកាល និង​បច្ចុប្បន្ន ជា​មួយ​នឹង​ការ​ក្ដាប់​បាន​នូវ​ការ​បំពាក់​តាម​លទ្ធភាព​ជាក់ស្ដែង​ឲ្យ​ស្របតាម​កាល​វិវឌ្ឍ​រីកចម្រើន​ចុង​ក្រោយ​នៃ​វិស័យ​បច្ចេកវិទ្យា​យោធា​។

ត្រូវ​យកចិត្តទុកដាក់​បន្ថែម​លើ​ការ​បណ្ដុះបណ្ដាល និង​គ្រប់គ្រង​ធនធានមនុស្ស ដោយ​ព្យាយាម​សិក្សា​ស្រាវជ្រាវ បន្ត​អភិវឌ្ឍ​ចំណេះ​ជំនាញ​របស់​ខ្លួន​មិន​ឈប់ឈរ ដើម្បី​ពង្រឹង​ពង្រីក​ចំណេះដឹង ឲ្យ​បាន​ទាន់​កាល​វិវឌ្ឍ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​យោធា​។

ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដា​សាលា មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ដែល​មាន​ស្រាប់ និង​កំពុង​តែ​បង្កើត​ថ្មី​ឲ្យ​ស្រប​តាម​និយាម និង​គោលដៅ​តាម​ជំនាញ ព្រម​ទាំង​បំពាក់​សម្ភារៈ​ហ្វឹកហ្វឺន​ទំនើបៗ​ស្រប​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​។

ក្រៅ​ពី​ការ​ពង្រឹង​ប្រព័ន្ធ​ហ្វឹកហ្វឺន​នៅ​តាម​សាលា ក្រសួង​ការពារ​ជាតិ កងយោធពលខេមរភូមិន្ទ នាយទាហាន​គ្រប់​លំដាប់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​លើ​ការ​ហ្វឹកហាត់​លើ​ទីលាន​តាម​កង​ឯកភាព​ទៅ​តាម​ជំនាញ​ឯកទេស​នីមួយៗ ដើម្បី​ជា​ការ​គ្រប់គ្រង​កម្លាំង គ្រឿង​បំពាក់ និង​បង្កើន​សមត្ថភាព​កងទ័ព​។

ទី​៥​៖ ត្រូវ​បង្កើន​ទំនាក់ទំនង​សហប្រតិបត្តិការ​ល្អ​ជា​មួយ​ដៃគូ​បរទេស ក៏​ដូច​ជា​បណ្ដា​ប្រទេស​ជា​មិត្ត ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ រួម​ទាំង​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​ស្មារតី និង​សម្ភារៈ​ដល់​វិស័យ​ហ្វឹកហ្វឺន រៀន​សូត្រ​របស់​យើង ដោយ​ឈរ​លើ​ស្មារតី​ការពារ​ឧត្ដម​ប្រយោជន៍​របស់​កងយោធពលខេមរភូមិន្ទ​ស្រប​តាម​អភិក្រម កែទម្រង់​ខាង​ក្នុង បង្កើន​មិត្ត​ខាង​ក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​។

ទី៦៖ ការងារ​អប់រំ​ចិត្តសាស្ត្រ ព័ត៌មាន ​និង​គោលនយោបាយ ជា​កិច្ចការ​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​កសាង​ឆន្ទៈ​មនសិការ ស្នេហា​ជាតិ​មាតុភូមិ សំដៅ​សម្រេច​ភារកិច្ច​ការពារ​ជាតិ ដែល​ជាតិ​គុណសម្បត្តិ​ចម្បង​របស់​នាយទាហាន ពលទាហាន​គ្រប់​រូប​។

ទី​៧​៖ ការ​កែទម្រង់​គ្រឿង​បំពាក់​គ្រប់​ប្រភេទ សម្រាប់​គ្រប់​ប្រភេទ​កងទ័ព កង​ទ័ព​ជំនាញ ទន្ទឹម​នឹង​ការ​បំពេញ​បរិមាណ​តាម​ក្របខ័ណ្ឌ​បំពាក់ ត្រូវ​យកចិត្តទុកដាក់​លើ​គុណភាព​ជា​អាទិភាព​។ កន្លង​មក​រាជរដ្ឋាភិបាល និង​ក្រសួង​ការពារ​ជាតិ​បាន​ខិតខំ​ស្វែងរក និង​បង្ក​ប្រភព ដោយ​បាន​ធ្វើ​ការ​បំពាក់​បន្ថែម​នូវ​អាវុធ​យុទ្ធោបករណ៍​ទំនើបៗ​ជា​ច្រើន ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​ភារកិច្ច​ការពារ​ជាតិ​។ ហើយ​សូម​យកចិត្តទុកដាក់​ថែទាំ​បច្ចេកទេស និង​ធានា​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​។

ទី​៨​៖ ការងារ​ធានា ភស្តុភារ និង​ហិរញ្ញវត្ថុ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង ការងារ​ធានា ផ្គត់ផ្គង់ បើក ចែក តាម​គោល​របប​កំណត់ គ្រប់ ទាន់​ពេលវេលា ធានា​គុណភាព​ដល់​យោធភូមិភាគ និង​យោធិន​គ្រប់រូប គួប​ផ្សំ​នឹង​ការ​ខិតខំ​កែច្នៃ​ជីវភាព​រស់នៅ សុខុមាលភាព​យោធិន ដោយ​ការ​បង្កបង្កើន​ផល​បន្ថែម លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​យោធិន និង​ក្រុម​គ្រួសារ​ឲ្យ​បាន​ល្អ​ប្រសើរ​។ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​សម្ព័ន្ធ​មេត្រីភាព​រវាង​កងទ័ព ជា​មួយ​ស្ថាប័ន​ស៊ីវិល និង​ឯកជន និង​តាម​ដាន គ្រប់គ្រង ត្រួតពិនិត្យ នូវ​ការ​ប្រើប្រាស់​ជំនួយ​ឧត្ថម្ភ​របស់​ដៃគូ​ឲ្យ​ចំ​គោលដៅ​។

ទី​៩​៖ ត្រូវ​ត្រៀម​លក្ខណៈ​ជា​និច្ច​ក្នុង​ការ​បំពេញ​ភារកិច្ច​នានា តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នៅ​គ្រប់​កាលៈទេសៈ យកចិត្តទុកដាក់​ត្រៀម​កម្លាំង និង​មធ្យោបាយ សម្ភារៈ​គ្រប់​បែប​យ៉ាង ដើម្បី​ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​មាន​គ្រោះភ័យ​ជា​យថាហេតុ ដោយ​ត្រូវ​មាន​ស្មារតី​បុរេសកម្ម ព្រម​ទាំង​សហការ​ឲ្យ​បាន​ស្អិតល្មួត​ជា​មួយ​អាជ្ញាធរ​ដែនដី នៅ​ក្នុង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។

សម្ដេច​ធិបតី ក៏​បាន​បង្ហាញ​នូវ​សេចក្ដីសង្ឃឹម​យ៉ាង​មុតមាំ​លើ​យោធិន​គ្រប់​លំដាប់​ថ្នាក់​នៃ​កងយោធពលខេមរភូមិន្ទ​ថា នឹង​នៅ​តែ​បន្ត​ប្រពៃណី​សាមគ្គី ឯកភាព ជា​ធ្លុង​មួយ ដោយ​មាន​ការ​ដឹកនាំ​បញ្ជា ប្រកប​ដោយ​ទេពកោសល្យ ឆន្ទៈ​មោះមុត និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារ​ជាតិ ក្នុង​ការ​បំពេញ​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.