ភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿង បើកបរលឿនជ្រុលរេចង្កូតទៅបុក ក្បាលនាគទ្រូងផ្លូវ ប៉ើងខ្ទាតមួយកង់ រថយន្តបាក់ដាច់កង់មុខ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសុធារស ខាងមុខផ្សារអុីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ កណ្តាល 1A-7071 បើកដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ល្បឿនលឿន ដល់ចំណុចកើតហេតុ រេចង្កូតជ្រុលបុកក្បាលនាគទ្រូងផ្លូវ ប៉ើងខ្ទាតមួយកង់ រថយន្តបាក់ដាច់កង់មុខខាងឆ្វេង អ្នកបើកបរចាកចេញគេចទៅបាត់ ។

ក្រោយកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ច ស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

អត្ដបទ៖ តាតុងសែនជ័យ

Share.