ភ្នំពេញ៖ សាស្រ្តាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ លោក សំបូរ មាណ្ណារ៉ា បានទទួលមរណភាព នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នាវេលាម៉ោង៥៖៤០នាទីព្រឹកនេះ ក្នុងជុន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក ជា ធីរិទ្ធ ជំនួយការសម្តេចនាយករដ្ឋមន្រ្តី។

បើតាមកូនប្រុសបង្កើតរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានប្រាប់សារព័ត៌មានឱ្យដឹងថា សពរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា នឹងត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវ៥A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ជាអ្នកប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញ ជាសាស្រ្តស្រាចារ្យ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនៅ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ដ​កម្ពុជាមក​ដល់​បច្ចុប្បន្ន។

នៅថ្ងទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ក៏ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់លោក ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលមានឋានៈស្មើ «រដ្ឋមន្ដ្រី» តាមព្រះរាជក្រឹត្យលេខ នស/ករត/០២២៣/២៧៥។

លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា មានឪពុកជាគ្រូបង្រៀន និងមាននិស្ស័យស្រលាញ់ការសិក្សាតាំងពីក្មេង ដោយលោកបានក្លាយជាគ្រូបង្រៀននៅដើមឆ្នាំ១៩៨០ ដែលជ្រើសយកភាសាអង់គ្លេសមកបង្រៀន។ ក្រោយចាប់ផ្ដើមការងារជាគ្រូបង្រៀនភាសាអង់គ្លេស បានប៉ុន្មានឆ្នាំ លោកក៏បានក្លាយជាគ្រូបង្រៀនប្រវត្តិសាស្ដ្រវិញម្ដង។

ដោយនៅ​ក្នុង​ឆ្នាំ១៩៨៣ លោក សំបូរ មាណ្ណារ៉ា ​ជា​គ្រូបង្រៀន​នៅ​សាលា​ភូមិន្ទ​ភ្នំពេញ ​លើ​ឯកទេស​ប្រវត្តិសាស្ត្រ​ ហើយ​បន្ទាប់​មកលោកបាន​ប្តូរ​ទៅ​បង្រៀន​សិស្ស​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ដ​កម្ពុជា ចាប់ពីឆ្នាំ២០០២ មក​ដល់​បច្ចុប្បន្ន។ បើគិតមកដល់ឆ្នាំ២០២៤នេះ គឺមានរយ:ពេល៤១ឆ្នាំមកហើយ។

លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានបញ្ចប់ការសិក្សានៅប្រទេសបារាំង និងសហរដ្ឋអាមេរិក ស្ថិតនៅទីក្រុង New Haven ព្រមទាំងសិក្សានៅទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូងក្នុងកម្មវិធី Event Study Program ដែលជាកម្មវិធីសិក្សាមុនដំបូងបំផុតដែលសិក្សាអំពីមុខវិជ្ជាប្រវត្តិសាស្រ្ដនិងការស្រាវជ្រាវ៕

អត្ថបទ៖ សង្គម

Share.