ភ្នំពេញ ៖ នារីម្នាក់រងរបួសធ្ងន់ សន្លប់បាត់ស្មារតី ចំណែកម្តាយរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូហុងដាBeatឌុបគ្នា វ៉ាក់អើ ជ្រុលបុកពីក្រោយរថយន្តLAND CRUISERកំពុងបត់ស្តាំ ម៉ូតូបាក់រួញខ្ទេច ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង២៨នាទីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្សុី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នារីរងគ្រោះ មានឈ្មោះ ហេង ណាវី អាយុ២២ឆ្នាំ មុខរបរនិស្សិត រងរបួសធ្ងន់ សន្លប់បាត់ស្មារតី ជាអ្នកបើកម៉ូតូ ហុងដា Beat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IO-7980 ចំណែកម្តាយឈ្មោះ ស៊ុំ ផល្លី អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់ម្តាយកូន ជិះម៉ូតូឌុបគ្នា ពីកើតទៅលិច ដល់ចំណុចកើតហេតុវ៉ាក់អើ ហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយរថយន្តLAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2NT-1278 បើកស្របទិសកំពុងបត់ស្តាំ បណ្តាលឱ្យកូនស្រីរងរបួសធ្ងន់ ម្តាយរងរបួសស្រាល ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ម្តាយកូន ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.