កណ្តាល ៖ ស្ត្រីខ្មែរឥស្លាមម្នាក់ និងកូនប្រុសអាយុ២ខួប បានស្លាប់ភ្លាមៗនៅកន្លែងប្តីរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកូរ៉េឃ្លុបដឹកអុីវ៉ាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបោះពួយលឿនជ្រុលបុកពីក្រោយម៉ូតូហុងដាឌ្រីម ជិះដោយជនរងគ្រោះ កំពុងឈប់ភ្លើងស្តុប ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦អា ចំណុចភ្លើងស្តុប ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ៣នាក់ប្តីប្រពន្ធ និងកូនប្រុសតូចអាយុ២ខួប ជាជនជាតិខ្មែរឥស្លាម ជិះពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ឈប់ភ្លើងស្តុបក្រហម ហើយខណៈដែលកំពុងឈប់ស្ងៀម ស្រាប់តែរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ឃ្លុប ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-9156 ដឹកអុីវ៉ាន់ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកលឿនពីជើងទៅត្បូង បុកពីក្រោយម៉ូតូជនរងគ្រោះ កិនស្លាប់២នាក់ម្តាយកូន ប្តីរងរបួសធ្ងន់ធ្ងរ ម៉ូតូជាប់អូសច្រើនម៉ែត្រ សមត្ថកិច្ចឃាត់ខ្លួនបានអ្នកបើកបររថយន្តភ្លាមៗ ។

ក្រោយកើតហេតុ ជនរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់បង្អែកមុខកំពូល ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកសពជនរងគ្រោះ២នាក់ម្តាយកូន សមត្ថកិច្ចពិនិត្យធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្ក អ្នកបើកបរ និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.