មណ្ឌលគិរី ៖ បងប្អូនពលរដ្ឋភាគតិច«ព្នង»មួយគ្រួសារគ្នា៦នាក់ ប្តីប្រពន្ធ កូនចំនួន៣នាក់ និងឪពុកម្នាក់ នាំគ្នាដើរចូលព្រៃ ដើរស្វែងរកបេះបន្លែ ផ្លែឈើ គ្រាន់យកទៅលក់ បែជាលេងប៉ះចំគ្រាប់សំណល់ពីសង្គ្រាម បណ្តាលឱ្យផ្ទុះ ស្លាប់៤នាក់ របួស២នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅក្នុងព្រៃ ចម្ងាយប្រមាណ១០គីឡូម៉ែត្រពីភូមិស្រែអុី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

តាមក្រុមគ្រូពេទ្យ បានឱ្យដឹងថា ជនរងគ្រោះ មួយគ្រួសារ ជាជនជាតិភាគតិច «ព្នង» ចំនួន៦នាក់ មាន៤នាក់បានស្លាប់ ៖ ទី១ ឈ្មោះ ធើម កើវ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុក , ទី២ ឈ្មោះ ក្លើវ ដា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ ត្រូវជាកូន , ទី៣ ឈ្មោះ ដា ហាត់ ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាចៅ , ទី៤ ឈ្មោះ ដា សា ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាចៅ ។

ចំណែកជនរងរបួសចំនួន២នាក់ម្តាយកូន ឈ្មោះ តែក ខ្លុង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធរបស់ឈ្មោះ ក្លើវ ដា និង ឈ្មោះ ដា វាសនា អាយុ៦ឆ្នាំ ត្រូវជាចៅ ។ (ប្តីប្រពន្ធ កូន៣នាក់ និងឪពុកបង្កើតម្នាក់ ) ។ ជនរងគ្រោះមួយគ្រួសារខាងលើ រស់នៅក្នុងភូមិស្រែអុី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

តាមអាជ្ញាធរបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបាននាំគ្នាដើរចូលព្រៃស្វែងរកបេះ បន្លែ អនុផលព្រៃឈើ គ្រាន់បានយកទៅលក់ ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម ក៏ប៉ុន្តែជនរងគ្រោះមិនស្គាល់ថាជារបស់អ្វី ហើយស្ត្រីរងគ្រោះជាប្រពន្ធ បាននាំកូនដើរចេញ ក្នុងបំណងរកបេះបន្លែបន្តទៀត គ្រាន់តែដើរចេញបានបន្តិច ស្រាប់តែសម្លេងផ្ទុះ កក្រើកដី បណ្តាលឱ្យស្លាប់៤នាក់ របួស២នាក់ម្តាយកូន ។

បើតាមការសន្និដ្ឋាន ជនរងគ្រោះ ហេតុតែមិនស្គាល់ជារបស់អ្វី ហើយដំ ឬវាយលេង បណ្តាលឱ្យផ្ទុះ តែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះដើរដល់ភូមិ រាយការណ៍ និងសុំអន្តរាគមន៍ពីអាជ្ញាធរ សមត្ថកិច្ច ទើបផ្អើលឆោឡោ ដើម្បីចំណាត់ការយកសពជនរងគ្រោះចេញពីព្រៃ រៀបចំធ្វើបុណ្យតាមប្រពៃណីជនជាតិ ។ ចំណែកជនរងគ្រោះ២នាក់ម្តាយកូន ត្រូវបានចាត់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។

បន្ទាប់ពីកើតមានហេតុការណ៍បែបនេះ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត អង្គភាពពាក់ព័ន្ធ បានចុះទៅសាកសួរសុខទុក្ខ ជនរងរបួស២នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ជួយជាថវិកា គ្រឿងឧបភោគ បរិភោគ ដល់ជនរងគ្រោះ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ ជនរងគ្រោះ ដែលបានស្លាប់រហូតដល់ទៅ៤នាក់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.