ភ្នំពេញ ៖ យុវជនម្នាក់ចិត្តស្រាល មិនគិតពីអនាគតឱ្យបានវែងឆ្ងាយ គ្រាន់តែម្តាយអប់រំ ស្តីបន្ទោស បែជាខឹងប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង ២លើកមកហើយ មិនបានសម្រេច ពលរដ្ឋជួយចាប់ ឃាត់ទាន់ លើកទី២នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យុវជនខាងលើមានឈ្មោះ រដ្ឋា អាយុ២០ឆ្នាំ មានទីលំនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

តាមប្រភពបានឱ្យដឹងថា យុវជនខាងលើ ចិត្តស្រាល គិតមិនបានវែងឆ្ងាយ អំពីអនាគត គ្រាន់តែម្តាយ អប់រំ ស្តីបន្ទោស បែជាប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង ហើយកន្លងមកធ្លាប់បានទៅលោតទឹក នៅស្ពានព្រះមុន្នីវង្ស ម្តងរួចមកហើយ បានអ្នកនេសាទ ជួយស្រង់បានមកវិញ ស្រាប់តែលើកទី២នេះ ទៅប៉ុនប៉ងលោតទឹកលើស្ពានជ្រោយចង្វារវិញម្តង ដោយជិះកង់ទៅដល់លើស្ពានហើយ បម្រុងលោត ត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច ឃើញទាន់ ចាប់ឃាត់ ។

ការប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងជាលើកទី២នេះ មិនបានសម្រេច សមត្ថកិច្ចឃាត់នាំយកទៅសំចត នៅគោលដៅប្រចាំការ រង់ចាំក្រុមគ្រួសារនាំយកវិលទៅផ្ទះវិញ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.