ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាមានវិប្បត្តិ ឬខូចចិត្តរឿងអ្វី ដើរតាមផ្លូវសុខៗ ស្រាប់តែហក់ចូលរថយន្តកុងតឺន័រ បណ្តាលឱ្យកិនខ្ទេចក្បាល ស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តបន្តបើកទៅមុខ បានជាង១០០ម៉ែត្រ អ្នកបើកបរចុះគេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ បើពិនិត្យមើលតាមអត្តសញ្ញាណប័ណ្ណជាប់តាមខ្លួន មានឈ្មោះ ខេង សុខិត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ស្រុកកំណើត ឃុំនគរភាស ស្រុកពួក ខេត្តសៀមរាប ។ មានប្រពន្ធឈ្មោះ ស្រី អាត់ អាយុ៣៥ឆ្នាំ មុខរបរកសិករ មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ រស់នៅឯស្រុកកំណើត ។

បើតាមក្រុមគ្រួសារ បានរៀបរាប់តាមទូរស័ព្ទឱ្យដឹងថា ជនរងគ្រោះ ជាកម្មករសំណង់នៅឯក្រុងបាវិត ខេត្តស្វាយរៀង ហើយនៅព្រឹកមុិញនេះ ជនរងគ្រោះបានទូរស័ព្ទប្រាប់បងប្អូននៅឯស្រុកថា វិលទៅផ្ទះវិញហើយ តែចូលក្រុងភ្នំពេញសិន ស្រាប់តែមកដល់វេលាល្ងាច នគរបាលប៉ុស្តិ៍នគរភាស ផ្តល់ដំណឹងប្រាប់ថា ជនរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទៅវិញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានដើរឆ្លងផ្លូវពីជើងទៅត្បូង ផុតពីម៉ូតូកង់បីហើយ ហក់ចូលរថយន្តកុងតឺន័រ ម៉ាកMITSUBISHI ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-3711 សណ្តោងរុឺម៉ក ដឹកទូកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 4A-1349 កំពុងបើកពីកើតទៅលិច បណ្តាលឱ្យកិនជនរងគ្រោះ បែកក្បាលខ្ទេច ស្លាប់ភ្លាមៗនៅកន្លែង រថយន្តបន្តបើកទៅមុខ បានចម្ងាយជាង១០០ម៉ែត្រ ទើបអែបឈប់ អ្នកបើកបរចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងយកទៅរក្សាទុក ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.